Tuesday, December 31, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន ដឹកនាំ​គណៈប្រតិភូ​ចូលរួម​កិច្ចប្រជុំ​កំពូល​មហា​អនុ​តំបន់​មេគង្គ​លើក​ទី​៦ និង​កិច្ចប្រជុំ​កំពូល កម្ពុជា​-​ឡាវ​-​វៀតណាម លើក​ទី​១០ នៅ​ប្រទេស​វៀតណាម​

​ភ្នំពេញ ​៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ១៤ កើត ខែ​ចេត្រ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី ៣០ ខែ​មីនា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​មហា​អនុ​តំបន់​មេគង្គ​លើក​ទី​៦ និង​កិច្ចប្រជុំ​កំពូល​កម្ពុជា​-​ឡាវ​-​វៀតណាម លើក​ទី​១០ ស្តីពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ៣០-៣១ ខែ​មីនា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។​

​កិច្ចប្រជុំ​កំពូល​មហា​អនុ​តំបន់​មេគង្គ លើក​ទី​៦​នេះ ប្រព្រឹត្តទៅ​ក្រោម​ប្រធានបទ “​សមិទ្ធផល​រយៈពេល​២៥​ឆ្នាំ នៃ​កិច្ចសហប្រតិបត្តិការ និង​ការកសាង​មហា​អនុ​តំបន់​មេគង្គ​ប្រកបដោយ​ចីរភាព សមាហរណកម្ម និង​វិបុលភាព​”​។ នៅក្នុង​កិច្ចប្រជុំ​កំពូល​នេះ ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងអស់​នឹង​អនុម័ត​ជា​ផ្លូវការ​នូវ​ផែនការ​សកម្មភាព​ទីក្រុង​ហាណូយ ឆ្នាំ​២០១៨–២០២២ និង​ក្របខណ្ឌ​វិនិយោគ​តំបន់ ឆ្នាំ​២០២២ ហើយក៏​មាន​សេចក្តីថ្លែងការណ៍​រួម​នៃ​កិច្ចប្រជុំ​កំពូល​ផងដែរ​។ នៅក្នុង​កិច្ចប្រជុំ​កំពូល​នេះ សម្តេច​តេជោ នឹង​អញ្ជើញ​ឡើង​ថ្លែង​សុន្ទរកថា ក្នុង​កិច្ចប្រជុំ​កំពូល​ធុរកិច្ច​របស់​មហា​អនុ​តំបន់​មេគង្គ ដែល​ផ្តោត​ទៅលើ​ភាពជោគជ័យ និង​ការ​ប្រឈម​លើ​វិស័យ​សំខាន់ៗ នៃ​ការអភិវឌ្ឍ​អនុ​តំបន់​មេគង្គ​ផងដែរ​។​

​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​៣ នឹង​អនុម័ត​ផែនការ​សកម្មភាព​សម្រាប់​ការតភ្ជាប់​សេដ្ឋកិច្ចកម្ពុជា​-​ឡាវ​-​វៀតណាម ដល់​ឆ្នាំ​២០៣០ ព្រម ទាំង​ចុះ​ហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួម​នៃ​កិច្ចប្រជុំ​កំពូល កម្ពុជា​-​ឡាវ​-​វៀតណាម លើក​ទី​១០ ស្តីពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​។​

​ការអញ្ជើញ​ចូលរួម​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក្នុង​ព្រឹត្តិការណ៍​ទាំងពីរ​នេះ នឹង​ឆ្លុះបញ្ចាំង​នូវ​ការប្តេជ្ញា​របស់​កម្ពុជា ក្នុង​ការលើក​កំពស់​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ នៅក្នុង​មហា​អនុ​តំបន់​មេគង្គ និង​ក្នុង​ក្របខ័ណ្ឌ​កម្ពុជា​-​ឡាវ​-​វៀតណាម ដើម្បី​ធានាឲ្យបាន​នូវ​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅក្នុង​តំបន់​។​

​តាមរ​យៈផេក​ហ្វេស​ប៊ុក​ផ្លូវការ សម្តេច​តេជោ បាន​ថ្លែងថា នៅពេលនេះ ខ្ញុំ​កំពុង​ចេញដំណើរ​ទៅ​ប្រទេស​វៀតណាម ដើម្បី​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​មហា​អនុ​តំបន់​មេគង្គ លើក​ទី​៦ ស្រប​ជាមួយ​កិច្ចប្រជុំ​កំពូល​ជាមួយ​ប្រទេស​៣​គឺ កម្ពុជា ឡាវ និង​វៀតណាម​លើក​ទី​១០ ស្តីពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី ៣០- ៣១ ខែ​មីនា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។ ខ្ញុំ​សប្បាយរីករាយ​ក្នុង​ការ​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ទាំង​២​នេះ ជាពិសេស គឺ​ដើម្បី​កម្ពុជា​កាន់តែ​មាន​ឱកាស​រឹតចំណង​មិត្តភាព និង​សហប្រតិបត្តិការ​កាន់តែ​ល្អ​រឹងមាំ​ជាមួយ​ប្រទេស និង​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​តំបន់ត្រីកោណ​។ តាមរយៈ​កិច្ចប្រជុំ​កំពូល​នេះ នឹង​ឆ្លុះ បញ្ចាំង​នូវ​ការប្តេជ្ញា​របស់​កម្ពុជា​ក្នុង​ការលើក​កំពស់​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​នៅក្នុង​មហា​អនុ​តំបន់​មេគង្គ និង​ក្នុង​ក្របខ័ណ្ឌ​កម្ពុជា ឡាវ វៀតណាម ដើម្បី​ធានាឲ្យបាន​នូវ​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅក្នុង​តំបន់​។ សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ទាំង​ក្នុង និង​ក្រៅប្រទេស​ជួបតែ​សេចក្តីសុខ និង​សំណាងល្អ​គ្រប់ៗ​គ្នា​”៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

×