ភ្នំពេញ ៖ សាលាដំបូង រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានប្រកាសសាលក្រមកលើសំណុំរឿងលោក រ៉ុង ឈុន និងគូកន ក្រោមការចោទប្រកាន់ ពីបទញុះញុង បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-វៀតណាម។
សវនាការនេះ បានធ្វើឡើងជាសាធារណៈក្រោមការដឹកនាំដោយលោក លិ សុខា ជាចៅក្រមជំនុំជម្រះ និងលោក សេង ហៀង ព្រះរាជអាជ្ញារងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
តុលាការបានសម្រេចផ្តន្ទាទោស ពួកគេ ដាក់ពន្ធនាគារ កំណត់ ២០ ខែ ទៅ ២ ឆ្នាំ ក្នុងម្នាក់ៗ ពិន័យ ២ លានរៀល ក្នុងម្នាក់ៗ និង បង្គាប់ឱ្យពួកគេ រួមគ្នាសង ជម្ងឺចិត្ត ៤០០ លានរៀល ទៅ ភាគី ដើមបណ្ដឹង តែបើកផ្លូវអោយពួកគេ ប្តឹងជំទាស់ទៅតុលាការថ្នាក់លើ តាមច្បាប់កំណត់។

លោកលិ សុខា ជាចៅក្រមជំនុំជម្រះ បានអោយដឹងថា ជនជាប់ចោទទាំង ០៣នាក់ នេះ មានឈ្មោះ ទី ១ ឈ្មោះ រ៉ុង ឈុន អាយុ ៥១ឆ្នាំ អតីតជាគ្រូបង្រៀនឯករាជ្យ និងជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា ត្រូវជាប់ពន្ធនាគារ កំណត់ ២ ឆ្នាំ និង ពិន័យប្រាក់ចំនួន ២ លានរៀល, ទី ២ ឈ្មោះ តុល និមល ភេទប្រុស អាយុ ៣៨ឆ្នាំ និង ទី ៣ ឈ្មោះ ស កណ្ណិការ ត្រូវជាបើពន្ធនាគារ ក្នុងម្នាក់ៗ ២០ ខែ និង ពិន័យប្រាក់ក្នុងម្នាក់ៗ ២លានរៀល។
លោកចៅក្រមបានបញ្ជាក់ថា ពួកគេត្រូវបានជាប់ចោទពីបទ ” ញុះញង់ឲ្យមានប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បណ្ដាលឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម ” តាមបញ្ញតិមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា។

ពួកគេត្រូវបានចាប់ខ្លួនកាលពីអំឡុងខែ កក្កដា និង សីហា ឆ្នាំ២០២០ ក្រោយលោករ៉ុង ឈុន បានចេញសេចក្តីថ្លែងការណ៍ ពាក់ព័ន្ធបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងវៀតណាម ដោយលោក រ៉ុង ឈុន លើកឡើងថា ការបោះបង្គោលព្រំដែនលេខ១១៤ ដល់១១៩ នៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានភាពមិនប្រក្រតី ដែលធ្វើឲ្យពលរដ្ឋបាត់បង់ដី ទៅភាគីវៀតណាមជាច្រើនរយហិកតា។
ក៏គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ដែលជាតំណាងរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសច្រានចោលសេចក្តីថ្លែងការណ៍នេះ ដោយលើកឡើងថា លោករ៉ុងឈុន ផ្សាយនូវព័ត៌មានមិនពិត និងបំផ្លើស ដែលមានចេតនាទុច្ចរិត៕
រក្សាសិទ្ធិដោយ ចន្ទា ភា

