Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បំភ្លៃរឿងព្រំដែន ៖ ផ្តន្ទាទោស រ៉ុង ឈុន ដាក់ពន្ធនាគារ២ឆ្នាំ និងបក្ខពួកពីរនាក់ ២០ខែ និងសងសំណងទៅគណៈកម្មការព្រំដែន ៤០០លានរៀល

ភ្នំពេញ ៖ នៅទីបំផុតតុលាការក្រុងភ្នំពេញបានប្រកាសសាលក្រមផ្តន្ទាទោសលោក រ៉ុង ឈុន ដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ និងបក្ខពួកចំនួនពីរទៀត គឺឈ្មោះ តុន និមល និងឈ្មោះ ស កណ្ណិកា ដាក់ពន្ធនាគាររយៈពេល ២០ខែ និងពិន័យជាប្រាក់ក្នុងម្នាក់ ២លានរៀល និងរួមគ្នាសងសំណងទៅគណៈកម្មការព្រំដែនចំនួន ៤០០លានរៀល។

ការប្រកាសសាលក្រមផ្តន្ទាទោសនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ គឺបន្ទាប់ពីតុលាការ បានបើកសវនាការជំនុំជម្រះកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១។
ជនជាប់ចោទទាំងបីនាក់ ដែលពាក់ព័ន្ធការបំភ្លៃការពិតរឿងព្រំដែនកម្ពុជា វៀតណាម មានដូចជា លោករ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា , ឈ្មោះ តុន និមល និងឈ្មោះ ស កណ្ណិកា។


អ្នកទាំងបីត្រូវបានចោទប្រកាន់ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ការចោទប្រកាន់នេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ ដោយលោកសេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

យោងតាមមាត្រា ៤៩៥. បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ៈ អំពើញុះញង់ដោយផ្ទាល់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមធ្យោណាមួយ ក្នុងចំណោមមធ្យោបាយដែលមានចែងក្នុងមាត្រា ៤៩៤ (លក្ខខណ្ឌអត្ថិភាពនៃការញុះញង់) នៃក្រមនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ២ (ពីរ) ឆ្នាំ និងពិន័យជាប្រាក់ពី ១ ០០០ ០០០ (មួយលាន) រៀលទៅ ៤ ០០០ ០០០ (បួនលាន) រៀល ប្រសិនបើការញុះញង់នេះគ្មានប្រសិទ្ធភាពទេ។

លោករ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីវេលាម៉ោងជាង៩យប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នៅផ្ទះរបស់លោកនៅចាក់អង្រែ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×