ភ្នំពេញ ÷ រថយន្តដឹកដីមួយគ្រឿងសង្ស័យតៃកុងភ្លេចទម្លាក់បែនទ្រុង ចុះមកវិញបើកទាក់ខ្សែភ្លើងកាបកាត់ផ្លូវ បណ្តាលឲ្យដួលបាក់បង្គោលភ្លើងអស់២ដើម រួចជ្រុលទៅបុកជញ្ជាំងបន្ទប់ជួល បាក់អស់មួយផ្ទាំងទៀត។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលា៨និង២០នាទីព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ ភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ បុរសដែលជាតៃកុងរថយន្តបែនដឹកដី រួមដំណើរមានប្រពន្ធនិងកូន បានបើករថយន្តបែនដឹកដីមួយគ្រឿងម៉ាក SCANIA ពណ៌សពាក់ផ្លាកលេខ កណ្តាល3A-2538 បើកបរពីទិសដៅពីជើងទៅត្បូង ចេញផ្ទះនៅក្បែចំណុចកើតហេតុ គោលបំណងទៅការដ្ឋានរណ្តៅដី ដើម្បីដឹកដីយកមកចាក់ឲ្យម៉ូយ ខណ:បើកចេញពីផ្ទះភ្លេចបែនទម្លាក់ទ្រុង ក៏បានទាក់ជាមួយ និងខ្សែភ្លើងកាបកាត់ផ្លូវ បណ្តាលឲ្យទាក់បាក់បង្គោលភ្លើងអស់២ដើម និងជ្រុលទៅបុកជញ្ជាំងផ្ទះបន្ទប់ជួល របស់ប្រជាពលរដ្ឋអស់មួយផ្ទាំង ផ្អើលរត់ចែកជើងគ្នាព្រាត។
បន្ទាប់ពីបង្កគ្រោះថ្នាក់ចរាចរណ៍រួចហើយ អ្នកបើកបររថយន្តបែនដឹកដីខាងលើ ព្យាយាមបើករត់យន្តរត់គេចខ្លួន តែត្រូវបានប្រជាពលរដ្ឋ ដែលនៅក្បែៗនោះ នាំគ្នាដេញស្ទាក់ និងរាយការណ៍ជូនសមត្ថកិច្ចឃាត់រថយន្ត និងអ្នកបើកបរបានភ្លាមៗ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ខណ្ឌដង្កោ ចុះទៅត្រួតពិនិត្យនៅកន្លែងកើតហេតុ ហើយក៏បានយករថយន្ត មករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖សួង សាម


