ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ០២១នេះ បានបញ្ជូនខ្លួន មន្រ្តីយោធាម្នាក់ដែលស្រវឹងជោកជាំ និង បានបើករថយន្តបុកម៉ូតូពេញទំហឹង រួចកិនពីលើបណ្តាលឱ្យនារីម្នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ ទៅឃុំខ្លួនជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារ ដើម្បីរង់ចាំដោះស្រាយ តាមនីតិវិធីច្បាប់។
មន្ត្រីតុលាការបានឲ្យដឹងថា ជនត្រូវចោទរូបនេះមានឈ្មោះ យ៉ុន រិទ្ធី មានមុខរបរជាមន្រ្តីយោធា។ ចំណែកឯ ជនរងគ្រោះ មាន ឈ្មោះ ទី១ ឈ្មោះ ស្រីឆយ អាយុ១៧ឆ្នាំ ស្លាប់, ទី២ ឈ្មោះស្រីនីត អាយុ១៧ឆ្នាំរបួសធ្ងន់, និង ទី៣ ឈ្មោះបញ្ញា ភេទប្រុស របួសធ្ងន់ ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅតាមបណ្តោយផ្លូវជាតិលេខ៤ ទល់មុខវត្តស្ងួនពេជ្រ ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២១។

លោកផ្លង់ សុផល ព្រះរាជអាជ្ញារង និង ជាអ្នកនាំពាក្យ នៃ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា នៅក្នុងក្នុងករណីនេះ ជនត្រូវចោទ ខាងលើ ត្រូវបានតំណាងអយ្យការបានបេីកការស៊េីបសួរ និង ចោទប្រកាន់ពី “បទបេីកបរស្ថិតក្នុងស្ថានភាពស្រវឹង និងបទបេីកបរដោយធ្វេសប្រហែស ខ្ជីខ្ជារ មិនប្រុងប្រយ័ត្ន បណ្តាលឲ្យស្លាប់ដល់អ្នកដទៃ ” តា មមាត្រា ៧៧ និងមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។
ជនត្រូវចោទ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២១ បន្ទាប់ពីគាត់បានបើករថយន្តបុកម៉ូតូរងគ្រោះស្លាប់ និងរបួសធ្ងន់នៅហ្នឹងកន្លែង៕
រក្សាសិទ្ធិដោយ ចន្ទា ភា
