ភ្នំពេញ ៖ ការផ្តន្ទាទោសជនជាប់ចោទធ្វើឡើងដោយលោក សុង ប៊ុនរិទ្ធិ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញនិងលោក លឹម ប៊ុនហេង ជាតំណាងអយ្យការ នៅព្រឹកថ្ងៃទី១៨ ខែសីហាឆ្នាំ២០២១ បានសម្រេចធ្វើការប្រកាសសាលក្រមផ្តន្ទាទោស លើជនជាប់ចោទឈ្មោះ នី ណាក់ អតីតមន្ត្រីក្រសួងកសិកម្ម ដាក់ពន្ធនាគារ១ឆ្នាំ៦ខែ ពិន័យជាប្រាក់ចំនួន២លានរៀលបង់ចូលថវិការដ្ឋ ក្រោមចោទប្រកាន់ពីបទ ជេរប្រមាថ និងញុះញង់ឲ្យ មានការរើសអើង មាត្រា ៤៩៤ ៤៩៦ និង ៣០៧ នៃ ក្រមព្រហ្មទណ្ឌ។

ជនជាប់ចោទត្រូវបាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ នៅរសៀល ថ្ងៃទី១១ខែធ្នូ ឆ្នាំ២០២០ បានចាប់ខ្លួនបុគ្គលឈ្មោះ នី ណាក់ ជាមន្ត្រីក្រសួងកសិកម្ម ករណីប្រើវោហាស័ព្ទ ដៀមដាមថ្នាក់ដឹកនាំរឿងទិញម៉ាស់ពាក់ អោយមាន់រួចបញ្ជូនមកតុលាការ ដើម្បីចាត់ការតាមច្បាប់តែម្តង ។
ពាក់ព័ន្ធករណីនេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានថ្លែងតាមបណ្តាញសង្គមតេឡេក្រាម ( Telegram )កាលពីពេលថ្មីនេះលោក បានឲ្យមន្ត្រីស្រាវជ្រាវអំពីករណីថាតើកសិដ្ឋានរបស់បុគ្គលឈ្មោះនី ណាក់ ដែលប្រើហ្វេសប៊ុកផេកឈ្មោះIman-KH នោះ មានកើតជំងឺផ្តាសាយបក្សីពិតមែន ឬទេ ? ។

សូមបញ្ជាក់ថាបើតាមហ្វេសប៊ុក ផេកឈ្មោះ Iman-KH ដែលកាន់កាប់ដោយបុគ្គលឈ្មោះ នី ណាក់ បានសរសេរថា« ខ្ញុំបានត្រៀមឬព្រាងលិខិត និងឯកសាររួចរាល់អស់ហើយ ក្នុងការស្នើដាក់ទ្រុងមាន់របស់ខ្ញុំ ក្នុងភាពអាសន្ន ព្រោះមូលហេតុមានមេរោគ ផ្តាសាយរលាកផ្លូវដង្ហើម កំពុងតែរាតត្បាតក្នុងកសិដ្ឋាន ។ ខ្ញុំមិនចង់គិតដល់ចំណុចនេះទេព្រោះវា ធ្វើឲ្យខូចខាតសេដ្ឋកិច្ចរបស់កូនមាន់ យ៉ាងធ្ងន់ធ្ងរ ។ ខ្ញុំសង្ឃឹមថាកូនមាន់ នឹងចេះពាក់ម៉ាស់គ្រប់គ្នា ហើយដេកនៅក្នុងទ្រុងកុំចេញក្រៅឲ្យសោះបើគ្មានការចាំបាច់ » ។
ការសរសររបស់ជនជាប់ចោទ គឺផ្គើននឹងសេចក្តីណែនាំ របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ចេញ ឲ្យពលរដ្ឋពាក់ម៉ាស់៕ រក្សាសិទ្ធិដោយ៖ជំនោ



