ភ្នំពេញ ÷ ប្រទះឃើញជាងជួសជុលរថយន្ត២នាក់ ដេកស្លាប់ទាំង២នាក់ ពូនិងក្មួយ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្លូវលំភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះទាំង២នាក់ មានឈ្មោះ ទី១ ង៉ែត ឧត្តម ភេទប្រុស អាយុ៣២ ឆ្នាំមុខរបរជាងជួសជុលរថយន្ត (ថៅកែការ៉ាស់) មានស្រុកកំណើតនៅខេត្តបាត់ដំបង ស្នាក់នៅចំណុចកើតហេតុខាងលើ ទី២ នួន ង៉ែត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅជាមួយគ្នា ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុនៅវេលាម៉ោង៩យប់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ម្សិលមិញនេះ ជនរងគ្រោះទាំង២នាក់ពូនិងក្មួយ បានត្រឡប់មកពីយានដ្ឋានជួលជុលរថយន្តរបស់គាត់ ហើយមកសម្រាកនៅផ្ទះរបស់គាត់វិញ ក៏បាននាំគ្នាទទួលទានអាហាររួច ក៏បានបញ្ឆេះម៉ាស៊ីនភ្លើង ដោយសាតែប្រពន្ធរបស់គាត់ រវល់នាំកូនតូចទៅសម្រាកនៅមន្ទីរពេទ្យ ហើយមិនបានបង់ថ្លៃភ្លើង ទើបខាងអគ្គិសនី ចុះទៅផ្តាច់ភ្លើងនៅផ្ទះរបស់គាត់ ជាបណ្តោះអាសន្ន ខណៈជនរងគ្រោះទាំង២នាក់ ម្នាក់ដេកលើគ្រែ ចំណែកក្មួយដេកលើអង្រឹង បានបើកម៉ាស៊ិនត្រជាក់ដេកលង់លក់រៀងៗខ្លួន។

លុះព្រឹកឡើងម្ចាស់រថយន្ត បានយករថយន្តមកជួលជុល នៅយានដ្ឋានជួលជុលរបស់គាត់ជាច្រើននាក់ បានតេទូរស័ព្ទទៅជនរងគ្រោះ ដែលជាម្ចាស់យានដ្ឋានជាច្រើនលើក តែគ្មានអ្នកលើក ទើបកូនជាងរបស់គាត់ ជិះម៉ូតូមកដល់ផ្ទះកើតហេតុខាងលើ ឃើញទ្វារចាក់សោពីខាងក្នុង ហើយក៏បានស្រែកហៅតែគ្មានអ្នកឆ្លើយតប ដោយមានការសង្ស័យ ទើបកូនជាងគាស់ទ្វារអើតមើល ក៏ឃើញពូនិងក្មួយដេកស្លាប់ទាំង២នាក់តែម្តង ហើយក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន។

បន្ទាប់ពីទទួលព័ត៌មានថា មានមនុស្សស្លាប់រហូតដល់ទៅ២នាក់បែបនេះ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលចាក់់អង្រែលើ បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ និងបានរាយការណ៍ទៅខាងការិយាល័យជំនាញកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងក្រុមគ្រូពេទ្យចុះទៅធ្វើតេស្តសំណាកសពជនរងគ្រោះ ទាំងនាក់ដោយក្រុមគ្រូពេទ្យ បានធ្វើតេស្តរួចរាល់ លទ្ធផលអវិជ្ជមានទាំង២នាក់ ហើយក៏បានប្រគល់ការងារនេះ ឲ្យខាងជំនាញកោសល្យវិច័យ ធ្វើការពិនិត្យសព និងសម្ភារ:ដែលនៅក្នុងបរិវេណកន្លែងកើតហេតុ ដើម្បីឲ្យដឹងច្បាស់ថា សពទាំង២នាក់ពូនិងក្មួយខាងលើ ស្លាប់ដោយសារមូលហេតុអ្វីពិតប្រាកដ បន្ទាប់ពីសមត្ថកិច្ចជំនាញ បើកការស្រាវជ្រាវ និងពិនិត្យសពរួចរាល់ហើយ សមត្ថកិច្ចបានបញ្ជាក់ថា សពបុរសទាំង២នាក់នេះ ស្លាប់ដោយសារតែថប់ដង្ហើម ដោយផ្ទះរបស់គាត់បិទបង្អួច និងទ្វារជិតពេក ធ្វើឲ្យខ្វះអ៊ុកស៊ីហ្សែន ចេញចូលទើបបណ្តាលឲ្យថប់ផ្លូវដង្ហើមស្លាប់បែបនេះ។
សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សួង សាម









