ខេត្តព្រះសីហនុ ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានដឹកនាំមន្រ្តីជំនាញ ពាក់ព័ន្ធចុះត្រួតពិនិត្យ ការកែលម្អសោភ័ណភាព នៅរង្វង់មូលតោពីរ និងសួនច្បារ នៅខាងមុខវេទិកា ៧មករា ដែលកំពុងកែលម្អសោភ័ណភាពជាថ្មីឡើងវិញ។
នាឱកាសនោះ លោកអភិបាលខេត្តព្រះសីហនុ ក៏បានណែនាំដល់ក្រុមការងារ រៀបចំកែលម្អសួនច្បារ នៅរង្វង់មូលតោពីរ និងសួនច្បារនៅខាងមុខវេទិកា ៧មករា ត្រូវឲ្យមានគុណភាព និងប្រកបដោយសោភ័ណភាព ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកលេងកម្សាន្ត និងថតរូបទុកជាអនុស្សាវរីយ៍ផងដែរ។
មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថា នៅខាងមុខរង្វង់មូលតោពីរ ក៏បានរៀបចំសួនច្បារ សម្រាប់ភ្ញៀវទេសចរថតរូប ដោយមានជាប់សោភ័ណភាពក្រុង ក៏ដូចជាសួនច្បារនៅជុំវិញតោ និងរូបតោពីរ ដែលជានិមិត្តសញ្ញា នៃខេត្តព្រះសីហនុ។
ដោយឡែក ចំពោះសួនច្បារនៅខាងមុខវេទិកា៧មករា ត្រូវបានរៀបចំកែលម្អសួនច្បារ និងទីធ្លារ ឲ្យបានល្អស្អាត ដើម្បីត្រៀមទុកជាទីកន្លែងរៀបចំពិធីបុណ្យជាតិ-អន្តរជាតិ និងជាទីតាំងសាធារណៈ សម្រាប់បងប្អូនប្រជាពលរដ្ឋដើរហាត់ប្រាណផងដែរ៕ រក្សាសិទ្ធិដោយ៖CEN