Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ជិត ១០០នាក់ នៅខេត្តសៀមរាប

ភ្នំពេញ ៖ រដ្ឋបាលខេត្តសៀមរាបបានឲ្យដឹងថា ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីទៀត ចំនួន ៩៧នាក់ និងព្យាបាលជាសះស្បើយចំនួន ១៧៧នាក់ផងដែរ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១។

យោងតាមរបាយការណ៍បានឲ្យដឹងថា ក្នុងនោះ ករណីទី១ ដល់ទី៩ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ក្តី ស្រុកជីក្រែង, ករណីទី១០ ដល់ទី១៨ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី ក្រុងសៀមរាប និងករណីទី១៩ ដល់ករណីទី២១ ជាករណីមានប្រភពចម្លងចេញពីផ្សារដំដែក ស្រុកសូទ្រនិគម។ ជាមួយគ្នានេះ ករណីទី២២ ដល់ករណីទី៣៣ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ឃ្លាំង ស្រុកសូទ្រនិគម និងករណីទី៣៤ ដល់ទី៥២ ជាករណីមានប្រភពចម្លងចេញពីផ្សារពួក ស្រុកពួក។

ចំពោះ ករណីទី៥៣ ដល់ករណីទី៦១ គឺជាករណីឆ្លងបន្តពីអ្នកដំណើរមកពីខេត្តកំពង់ចាម, ពីអាជីវករទៅទិញផ្លែឈើ និងគ្រឿងសមុទ្រពីផ្សារបានឡែម និងឆ្លងបន្តពីអ្នកស្លាប់ឈ្មោះ ជា សុខារី ។ រីឯ ករណីទី៦២ ជាអាជីវករទៅទិញបន្លែពីផ្សារពុមពុយ ខេត្តបាត់ដំបង ហើយករណីទី៦៣ ដល់ទី៩៧ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។

របាយការណ៍បានបន្តថា ទន្ទឹមនឹងនោះ ក៏មានព្យាបាលជាសះស្បើយ ចំនួន ១៧៧នាក់ អ្នកទាំងនោះត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប, មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត, វិទ្យាល័យអង្គរ, វិទ្យាល័យ ហ៊ុន សែនវត្តស្វាយ, វិទ្យាល័យក្រឡាញ់, វិទ្យាល័យចំណោះដឹងទូទៅ និងបច្ចេកទេសពួក និងវិទ្យាល័យដំដែក ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយ:ពេល១៤ថ្ងៃទៀត។

គួរបញ្ជាក់ថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ៦,៣៩២នាក់, បានព្យាបាលជាសះស្បើយចំនួន ៤,៨១៤នាក់, ស្លាប់ ៧៥នាក់ និង១,៥០៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប, មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត, វិទ្យាល័យអង្គរ, វិទ្យាល័យ ហ៊ុន សែន វត្តស្វាយ, វិទ្យាល័យក្រឡាញ់, វិទ្យាល័យចំណោះដឹងទូទៅ និងបច្ចេកទេសពួក និងវិទ្យាល័យដំដែក៕ រក្សាសិទ្ធិដោយ ៖ចេស្តារ

×