ភ្នំពេញ ÷ យុវជនម្នាក់ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ បន្ទាប់ពីជិះម៉ូតូលឿនពេក ខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តឡង់គ្រីស័រ បើកបត់ឆ្លងផ្លូវចំពីចំហៀងខាងមុខ ពេញទំហឹងបណ្តាលឲ្យដួលផ្ទប់នៅនឹងរថយន្ត រងរបួសបាក់ជើងម្ខាង។ ចំណែកឯម្ចាស់រថយន្ត បានរត់ចេញពីកន្លែងកើតហេតុ បាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៨ និង៤០ នាទីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចទល់មុខនឹងព្រលានយន្តហោះពោធិ៍ចិនតុង ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មាន ពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តឡង់គ្រីស័រ មួយគ្រឿង ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ 2AM- 0595 បើកបរដោយបុរសម្នាក់ ធ្វើដំណើរចេញពីផ្លូវលំ ក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿនមធ្យម បានបត់ឆ្វេងឆ្លងផ្លូវ ខណៈបត់ដល់ពាក់កណ្តាលផ្លូវ ក៏ត្រូវបានយុវជនម្នាក់ ជិះម៉ូតូម៉ាកហុងដាទ្រីមសង់ សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1IE -5718 ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនលឿន បានជ្រុលទៅបុករថយន្តឡង់គ្រីស័រ ចំពីចំហៀងមុខខាងឆ្វេងពេញទំហឹង បណ្តាលឲ្យដួលម៉ូតូផ្ទប់នៅនឹងរថយន្តរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ក៏បានទំនាក់ទំនងទៅ ខាងផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុ យកម៉ូតូនិងរថយន្ត ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយ នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖សា មេត






