ប្រិយមិត្តបានស្គាល់ច្បាស់ហើយ គ្រូអនឡាញដែលមានរហ្សនាមថា «គ្រូមហាជ័យ» គឺតែងតែជាផ្ទាំងស៊ីបរបស់មហាជនភាគច្រើន នាំគ្នារិះគន់មិនសំចៃមាត់ ក្រោយឃើញហាក់មិនទំនង ចេញមកអះអាងថា ខ្លួនជាអ្នកហៅទឹកភ្លៀងធ្លាក់មកយ៉ាងត្រជាក់ត្រជុំ លាយឡំផ្គររន្ទះ ស្របពេលរដូវកក់ខែ និងក៏ត្រូវបានដឹងថា ក្រៅពីមុខរបរខាងបារមីផ្លូវក្នុងលោក គ្រូរូបនេះក៏ជាឧកញ៉ាវ័យក្មេងម្នាក់ផងដែរ ដែលជាម្ចាស់ក្រុមហ៊ុនលក់គ្រឿងសម្អាងដ៏ល្បីមួយ នៅក្នុងប្រទេសកម្ពុជា។
តែបើទោះជាមានមនុស្សជាច្រើន ដែលព្រោះតែហួសចិត្តខ្លាំង ចំពោះសកម្មភាពប្លែកៗរបស់គ្រូឪរូបនេះយ៉ាងណា ក៏នៅតែមានមនុស្សដែលមានជំនឿជាច្រើនទៀត បន្តគាំទ្រ។ ជាក់ស្តែង អ្វីដែលមិននឹកស្មានដល់នោះ គឺក្រោយលោកគ្រូមហាជ័យ បានដាក់បង្ហាញយ័ន្តគាថាថ្មីទើបប្រសិទ្ធីរួច ដែលអាចជាវទៅប្រើប្រាស់បាន ក៏ស្រាប់តែឃើញកូនៗជាច្រើន ចូលខមិនប្រាប់ទាំងក្តីរំភើបគួរឲ្យភ្ញាក់ផ្អើលថា យន្តរបស់លោកគ្រូឪពិតជាស័ក្តិសិទ្ធខ្លាំងណាស់ ដោយរកស៊ីលក់ដាច់ខ្លាំងណាស់ ដាច់ទាំងរាយ ដាច់ទាំងដុំ និយាយរួមទៅ គឺលុយហូរចូលគ្រប់ជ្រុងតែម្តង ហើយក្នុងនោះសូម្បីថា គ្រាន់តែទីកគុនដល់គ្រូ និងយ័ន្ត ក៏ស័ក្តិសិទ្ធដែរ។ តែយ៉ាងណា គ្រូក៏បានបញ្ជាក់ថា បើមានអារម្មណ៍ថាយ័ន្តសាប គឺត្រូវជាវថ្មីឬយកមកប្រសិទ្ធីថែម។
តែយ៉ាងណាមិញ ក្នុងនោះផងដែរ អ្វីដែលគួរឲ្យអស់សំណើចខ្លាំងនោះ ក៏ស្រាប់តែមានអ្នកសួរទៅកាន់គ្រូមហាជ័យ ត្រង់ៗថា លោកគ្រូឪតើមានយ័ន្តសំរាប់អោយគេ[សងលុយ]ទេលោកគ្រូ។ ត្រង់ចំណុចនេះ គ្រូមិនបាន Reply ទេ ព្រោះប្រហែលយ័ន្តគ្រូ មិនទាន់ដល់កំរិតកំពូលអាចមានឥទ្ធិពលអូសទាញអារម្មណ៍អ្នកជំពាក់លុយបានឡើយ។
សូមបញ្ជាក់ថា យើងមិនបានហាមឃាត់លោកអ្នក ជឿលើជំនឿនោះទេ ប៉ុន្តែ សូមជឿឲ្យមានការគិតពិចារណា ព្រោះថាថ្មីៗនេះមានបងប្អូនខ្មែរជាច្រើន បានចេញមកទម្លាយការពិតរឿងវត្ថុមង្គល របស់គ្រូហុងស៊ុយអនឡាញដ៏ល្បីឈ្មោះមួយ ដែលប្រិយមិត្តជាច្រើនបានជ្រាបរួចហើយ គឺគ្មានស័ក្តិសិទ្ធស្អីនោះទេ គឺបានត្រឹមអស់លុយរាប់ពាន់ដុល្លារប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង