Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរមីន និងមជ្ឈមណ្ឌលតំបន់​អាស៊ាន​សម្រាប់​សកម្មភាព​មីន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្នុងការអនុវត្តគម្រោង “លើកកម្ពស់កម្មវិធីសង្រ្គោះជនពិការដោយសារមីននៅតាមប្រទេសរដ្ឋសមាជិកអាស៊ាន”

spot_img

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ នៅទីស្នាក់អាជ្ញាធរមីន ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ បានអញ្ជើញជាគណៈអធិបតីជាមួយ ឯកឧត្តម​ Pengiran Kasmirhan Pengiran Tahir ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសប្រ៊ុយណេដារូសាឡឹម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការដឹកនាំនៃមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន(ARMAC) ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងអាជ្ញាធរមីន និង ARMAC លើការអនុវត្តគម្រោង “លើកកម្ពស់កម្មវិធីសង្រ្គោះជនពិការដោយសារមីននៅតាមប្រទេសរដ្ឋសមាជិកអាស៊ាន” ដែលផ្តល់មូលនិធិគាំទ្រដោយ មូលនិធិសហប្រតិបត្តិការអាស៊ាន-កូរ៉េ (ASEAN-KOREA Cooperation Fund) ហើយពិធីហត្ថលេខាទ្វេភាគីនេះតំណាងដោយ ឯកឧត្តម​ ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន និង ឯកឧត្តម​ ព្រហ្ម សួនប្រសិទ្ធ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌល ARMAC ។

នេះគឺជាការចុះហត្ថលេខាលើកទី២ រវាងអាជ្ញាធរមីន និង ARMAC ដែលលើកទី១ មានតាំងពីឆ្នាំ២០១៨ ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាសម្រាប់កិច្ចសហប្រតិបត្តិការទូទៅ។ វឌ្ឍនភាពនេះ មិនត្រឹមតែជាព្រឹត្តិការណ៍សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរមីន និង ARMAC ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាព្រឹត្តិការណ៍សំខាន់មួយទៀតសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ ARMAC ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅក្នុងតំបន់អាស៊ាន តាំងពីចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនក្នុងឆ្នាំ២០១៧​ មក ដែលមជ្ឈមណ្ឌលនេះ ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី នាកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ ក្នុងឆ្នាំ២០១២ នៅរាជធានីភ្នំពេញ។

គម្រោង​នេះត្រូវបានផ្តួចផ្តើមដោយ ARMAC និងមានការគាំទ្រពីបណ្តាប្រទេសសមាជិកអាស៊ាន ផ្តោតសំខាន់លើការជួយសង្រ្គោះជនរងគ្រោះដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយមានការគាំទ្រពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈមូលនិធិសហប្រតិបត្តិការអាស៊ាន-កូរ៉េ(AKCF)។ គម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រទេសសមាជិកអាស៊ាន ដែលរងផលប៉ះពាល់ដោយមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលកំពុងប្រឈមនឹងបញ្ហាដ៏ធំ ក្នុងការដោះស្រាយជំនួយជនរងគ្រោះនៅក្នុងប្រទេសរបស់ខ្លួន ក៏ដូចជាការបង្កើននូវតួនាទី និងការទទួលខុសត្រូវរបស់អង្គភាពសកម្មភាពមីនពាក់ព័ន្ធនៅក្នុងប្រទេសសមាជិកអាស៊ាន។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា​លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ ​សូម​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ តាមរយៈមូលនិធិសហប្រតិបត្តិការអាស៊ាន-កូរ៉េ ដែលបានរួមចំណែកសម្រាប់សកម្មភាពមីននៅកម្ពុជា និងតំបន់អាស៊ាន ដែលការគាំទ្រនេះ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តមិនផ្លាស់ប្តូររបស់សាធារណរដ្ឋកូរ៉េ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ក្នុងនាមជាដៃគូសន្ទនាអាស៊ាន។


លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងថា ក្រៅពីជំនួយកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអាស៊ាន សាធារណរដ្ឋកូរ៉េ ក៏បានផ្តល់ជំនួយគាំទ្រកិច្ចសហប្រតិបត្តិការទ្វេភាគីដល់កម្ពុជា នូវថវិកាប្រមាណ ១០ លានដុល្លារអាមេរិក តាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ សម្រាប់ការងារបោសសម្អាតមីន និងការសង្រ្គោះជនពិការដោយសារមីននៅកម្ពុជា រហូតដល់ឆ្នាំ២០២៥ ផងដែរ។
ក្រៅពីសាធារណរដ្ឋកូរ៉េ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំ​ក៏សូមថ្លែងអំណរគុណចំពោះម្ចាស់ជំនួយ និងប្រទេសជាមិត្តដ៏ឆ្នើមដទៃទៀតរបស់កម្ពុជារួមមាន សហរដ្ឋអាមេរិក អូស្រ្តាលី អង់គ្លេស ជប៉ុន ន័រវែស អាល្លឺម៉ង់ ស្វីស ចិន កាណាដា នូវែលហ្សឺឡង់ អៀរឡង់ UNDP និង UNICEF ព្រមទាំងមូលនិធិ អង្គការសង្គមស៊ីវិល និងសប្បុរសជនផងដែរ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×