វាគឺជារឿងមួយមិនគួរឲ្យជឿ និងសំណាងបំផុត ក្រោយពេលកាមេរ៉ា មួយគ្រឿងបាត់នៅសមុទ្រអស់រយៈពេលជាង ២ឆ្នាំទៅហើយ ត្រូវបានគេរកឃើញវិញ និងបញ្ជូនត្រឡប់ទៅឲ្យម្ចាស់ដើមវិញ។ នេះបើតាមការចេញផ្សាយរបស់ BBC។
កាមេរ៉ានោះត្រូវបានគេរកឃើញនៅឆ្នេរ កោះតៃវ៉ាន់ ហើយវាត្រូវបានពពួកគ្រុំ និងខ្យងសមុទ្រដុះព័ទ្ធជុំវិញស្ទើរទាំងស្រុង ប៉ុន្តែកាមេរ៉ានោះនៅតែអាចដំណើរការបានដោយសារវាមានប្រព័ន្ធ ការពារទឹក ហើយផ្នែកខាងក្នុងវានៅល្អដូចដើមដដែល។
កាមេរ៉ានោះ ត្រូវបានរកឃើញដោយកូនសិស្សមួយក្រុម និងគ្រូរបស់ពួកគេ។ គ្រូរបស់ពួកគេបានព្យាយាមស្វែងរកម្ចាស់ដើម ដោយបានចែករំលែកការរកឃើញកាមេរ៉ារបស់ពួកគេនៅលើបណ្តាញទំនាក់ទំនងសង្គម ហ្វេសបុក។
ម៉ាស៊ីតថតរូបនេះ ត្រូវបានធ្វើបាត់ដោយសិស្សមហាវិទ្យាល័យជប៉ុនម្នាក់ ដែលបានធ្វើដំណើរកំសាន្តនៅកោះ Ishigaki (ផ្នែកមួយនៃកោះ Okinawa របស់ជប៉ុន) ដែលមានចំងាយប្រមាណ ២៥០គីឡូម៉ែត្រពីកោះតៃវ៉ាន់។
វាធ្វើដំណើររាប់រយគីឡូម៉ែត្រ ដោយសារកំលាំងរលកសមុទ្រ ហើយចុងបញ្ចប់បានមកដល់ឆ្នេរតៃវ៉ាន់៕ សុភ័ក្ត្រ