ភ្នំពេញ ៖ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជានាយករងខុទ្ទកាល័យ សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ នេះ បានចាត់ចែងឱ្យក្រុមការងារ ដឹកផ្លែមៀន និងតាង៉ែន ទៅកាន់ទីរួមខេត្តស្វាយរៀង តាមការបញ្ជាទិញរបស់ លោកជំទាវកិត្តិសង្គហបណ្ឌិត មែន សំអន ឧបនាយករដ្ឋមន្ត្រី ដើម្បីចែកជូនមន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រុមគ្រូពេទ្យទាំងឡាយ និងប្រជាពលរដ្ឋដែលកំពុងជាប់ធ្វើចត្តាឡីស័ក ព្រមទាំងអ្នកកំពុងព្យាបាលជំងឺកូវីដ-១៩ ផងដែរ។

បើតាមជំនួយការនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានឲ្យដឹងថា លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានចូលរួមចំណែកជាមួយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួយទិញផ្លែមៀនពីប្រជាកសិករ ចំនួន ១០តោន ដើម្បីយកទៅប្រគល់ជូន គណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង ដើម្បីបែងចែកបន្តជូនមន្ត្រីរាជការ , កងកម្លាំងប្រដាប់អាវុធ , ក្រុមគ្រូពេទ្យ , និងប្រជាពលរដ្ឋជាប់ធ្វើចត្តាឡីស័ក និងព្យាបាលកូវីដ-១៩ សម្រាប់ហូបដោយឥតគិតថ្លៃ។
គួររំលឹកថា សម្ដេចតេជោ ហ៊ុន សែន កាលពីប៉ុន្មានថ្ងៃមុន បានបញ្ជាឲ្យនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រមូលទិញផ្លែមៀន និងតាង៉ែន របស់កសិករ នៅតាមបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ដែលជួបប្រទះនូវបញ្ហា ក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ធ្វើឱ្យរាំស្ទះ។ ផ្លែមៀនដែលសម្តេចតេជោ ឲ្យប្រមូលទិញពីកសិករដាំដុះនៅតាមខេត្តជាប់ព្រំដែនថៃនេះ នឹងត្រូវយកទៅចែកជូនកងទ័ព អាវុធហត្ថ នគរបាល គ្រូពេទ្យ អ្នកជំងឺ និងប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក ព្រមទាំងអ្នកកំពុងព្យាបាលជំងឺកូវីដ-១៩ផងដែរ, ដែលនេះ ជាវិធីដោះទាល់ក្នុងកាលៈទេសៈដ៏លំបាក កុំឲ្យប្រជាកសិករក្រីក្រ ខាតបង់ធ្ងន់ធ្ងរពេក ហើយការទិញនេះ ក៏មិនបានប្រើថវិកាជាតិនោះដែរ។

បើតាមជំនួយការនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ឲ្យដឹងទៀតថា ចាប់តាំងពីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានអញ្ជើញចុះដល់ចំការផ្លែមៀន និងតាង៉ែន ដើម្បីបន្តទិញពីកសិករ ភូមិពេជ្រសង្វារ ឃុំរស្មីសង្វារ ស្រុករតនៈមណ្ឌល ខេត្តបាតដំបង ដើម្បីទៅទិញផ្លែមៀនរបស់កសិករពីចំការផ្ទាល់តែម្តង មិនចាំទិញនៅព្រលានយន្តហោះបែកចាយ ខេត្តបាត់ដំបងនោះឡើយ។
ស្ដីពីប្រជាកសិករដែលកំពុងជាប់គាំង មិនអាចលក់ផ្លែមៀនចេញទៅទីផ្សារក្រៅប្រទេសនោះ មានប្រមាណ ៥ម៉ឺនតោន, ហើយក្រោយសម្ដេចតេជោ ហ៊ុនសែន បញ្ជាឱ្យប្រមូលទិញពីប្រជាពលរដ្ឋនោះ, ក៏បានធ្វើឲ្យអ្នកដាំដុះមៀន សម្តែងការសប្បាយចិត្ត និងថ្លែងអំណរគុណដល់សម្ដេច៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN










