ភ្នំពេញ ៖ ប្រជាជនកម្ពុជា ដែលមានអាយុ ១០០ឆ្នាំឡើង គឺមានចំនួន ៣១៤៣នាក់ នៅទូទាំងប្រទេសកម្ពុជា។ ក្នុងចំណោមបណ្ដារាជធានីខេត្តទាំង ២៥ គឺរាជធានីភ្នំពេញមានចំនួនមនុស្សចាស់ពីអាយុ ១០០ឆ្នាំឡើង ច្រើនជាងគេបន្ទាប់មកខេត្តសៀមរាប ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តបាត់ដំបង ។ នោះបើយោងតាមរបាយការណ៍ របស់ក្រសួងផែនការ បានបង្ហាញនៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១។

លោកស្រី ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ និងជាអគ្គនាយកជំរឿនទូទៅ ប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩ បានមានប្រសាសន៍បញ្ជាក់នៅព្រឹកថ្ងៃទី២០ ខែសីហា នេះថា ផ្អែកតាមលទ្ធផលនៃការធ្វើជំរឿនទូទៅប្រជាជន នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ បានបង្ហាញថា កម្ពុជាមានប្រជាជន ដែលមានអាយុ ១០០ឆ្នាំឡើងចំនួន ៣១៤៣នាក់ ក្នុងនោះស្ត្រីចំនួន ១៨១៣នាក់ និង ប្រុស ១៣៣០នាក់ ដែលជាទិន្នន័យមួយដែលនឹកស្មានមិនដល់ថា កម្ពុជាមានប្រជាជនអាយុវែងច្រើនដូច្នេះ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ កម្ពុជាមានប្រជាជននៅលើទឹកដីកម្ពុជា មានចំនួន ១៥.៥៥២.២២១នាក់ ក្នុងនោះប្រុសចំនួន ៧.៥៧១.៨៣៧នាក់ និងស្រីចំនួន ៧.៩៨០.៣៧៤នាក់៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

