ភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នពេញ នៅថ្ងៃសុក្រនេះ បានចោទប្រកាន់បុរស០២នាក់ ជាប់ពាក់ព័ន្ធនឹងករណី ឆបោកប្រាក់ ក្នុងការរត់ការ ធានាមនុស្សចំនួន២នាក់ ដែលកើតកូវីដ១៩ ដើម្បីបានចេញពីកន្លែងចត្តាឡីស័ក ជាថ្នូរនឹងប្រាក់ ១លានរៀល នៅខណ្ឌដូនពេញ តែមិនបានសម្រេច។
សមត្ថកិច្ច មន្ត្រីនគរបាលអធិការដ្ឋានខណ្ឌដូនពេញ បានឲ្យដឹងថា ជនត្រូវចោទទាំង២នាក់ខាងលើនេះ មានឈ្មោះ ទី១ ឈ្មោះ សុខ វណ្ណថា ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ ជាមន្ត្រីរាជការ ស្នាក់នៅផ្ទះលេខ១១E០ ផ្លូវលេខ៤៧ ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងទី២ ឈ្មោះ បូរ សុភ័ក្ត្រ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ អ្នកយាមម៉ូតូ ស្នាក់នៅផ្ទះលេខ១៥E៣ ផ្លូវលេខ១០៧ ភូមិ៧ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សមត្ថកិច្ចមន្ត្រីនគរបាល និយាយថា ជនត្រូវចោទាំង២នាក់ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ ពីបទ«ឆបោក» ដែលអាចប្រឈមនឹងការជាប់ទោសក្នុងពន្ធនាគារ ចន្លោះ ពី ០៦ ខែ ទៅ ០៣ ឆ្នាំ ក្នុងម្នាក់ៗ។

សមត្ថកិច្ចមន្ត្រីនគរបាលបានបញ្ជាក់ថា ពួកគេទាំង២នាក់ ត្រូវបានចាប់ឃាត់ខ្លួន ដោយកម្លាំងនគរបាលយុត្តិធម៌ខណ្ឌដូនពេញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌដូនពេញ កាលពីយប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោងប្រមាណ ៨និង ៣០ នាទី នៅចំណុចមុខសាលាវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនវត្តភ្នំ ផ្លូវលេខ៤៧ ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់ពីពួកគេ បានទទួលលុយចំនួន ១លានរៀល ពីអ្នកជម្ងឺកូវីដ១៩ ចំនួន ២នាក់ ត្រូវជាប្តីប្រពន្ធនឹងគ្នា មានឈ្មោះ ហ៊ន ចាន់ណា ជាប្តី និង ប្រពន្ធ ឈ្មោះ ហឿន ចាន់ធី ដែលកំពុងធ្វើចត្តាឡីស័កបានចំនួន ១២ថ្ងៃ នៅសាលាវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនវត្តភ្នំ។
ក្រោយឃាត់ខ្លួន កម្លាំងសមត្ថកិច្ចនគរបាលចម្រុះ ដកហូត វត្ថុតាងរួមមាន រថយន្តមួយគ្រឿងម៉ាក ឡិចស៊ីស៤៧០ ពណ៌ស្ករ ផ្លាកលេខ ភ្នំពេញ 2D-7199 និងទូរស័ព្ទដៃមួយគ្រឿង២គ្រឿង និងលុយមួយចំនួនពីពួកគេ៕ រក្សាសិទ្ធិដោយ ៖ ចន្ទាភា
