ដូចដែលប្រិយមិត្តបានឃើញហើយ ចំពោះវីដេអូនៃយន្តហោះយោធាសហរដ្ឋអាមេរិក C-17 មុនពេលចាកចេញពីព្រលានយន្តហោះទីក្រុងកាប៊ុល ដែលកំពុងស្ថិតក្រោមការគ្រប់របស់តាលីបង់ គឺមានពលរដ្ឋអាហ្វហ្គានីស្ថានរាប់រយនាក់ បានដណ្តើមគ្នាជិះឡើងពេញប្រៀប និងមួយចំនួន ក៏បានផ្សងគ្រោះថ្នាក់លាក់ខ្លួននៅត្រង់ក្រោមស្លាបយន្តហោះ ប៉ុន្តែ ជាអកុសល មនុស្ស៣នាក់ ក្នុងចំណោមនោះក៏បានធ្លាក់ចុះដីវិញគួរឲ្យស្លុតរន្ធត់បំផុត ឡើងផ្អើលពិភពលោកតែម្តង ខណៈ C-17 ចាប់ផ្តើមហោះចាកចេញពីព្រលាន។
ដោយឡែក សាកសពម្នាក់ក្នុងចំណោមមនុស្ស៣នាក់ ដែលបានធ្លាក់ចេញពីយន្តហោះ C-17 នៅអាកាសយានដ្ឋាន Hamid Karzai (កាប៊ុល) កាលពីថ្ងៃច័ន្ទ ត្រូវបានស្គាល់ថាមានឈ្មោះ Zaki Anwari អាយុ ១៩ ឆ្នាំ ដែលរូបគេគឺជាកីឡាករបាល់ទាត់អាហ្វហ្គានីស្ថាន និងជាអតីតសមាជិកក្រុមជម្រើសជាតិប្រទេសនេះផងដែរ។
ព័ត៌មាននេះ ត្រូវបានបញ្ជាក់ដោយសមាគមសារព័ត៌មានកីឡាអន្តរជាតិ (AIPS) និងអះអាងថា Anwari គឺជាយុវជនម្នាក់ក្នុងចំណោមយុវជនដែលព្យាយាមភៀសខ្លួនចេញពីប្រទេស ចំពេលមានភាពច្របូកច្របល់ ដែលបង្កឡើងដោយរបបភេរវនិយមតាលីបង់ ដែលបានទទួលអំណាចឡើងវិញ។
ចំណែក អគ្គនាយកដ្ឋានអប់រំផ្លូវកាយ និងកីឡាអាហ្វហ្គានីស្ថាន វិញក៏បានសម្តែងសមានទុក្ខចូលរួមសោកស្តាយ ចំពោះកីឡាករវ័យក្មេង Anwari យ៉ាងដូច្នេះថា៖ សូមឱ្យរូបគេបានទៅកាន់ទីនៃឋានសួគ៌ ហើយអធិស្ឋានដល់ព្រះ សម្រាប់គ្រួសារមិត្តភក្តិ និងមិត្តរួមការងារកីឡារបស់គេផងដែរ៕ រក្សាសិទ្ធដោយ៖ លឹម ហុង






