បន្ទាយមានជ័យ ៖ កម្លាំងនៃបញ្ជាការដ្ឋានមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការបង្ក្រាបករណីហិង្សាដោយចេតនា និងឃាត់ខ្លួនជនសង្ស័យ ១នាក់ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្ទះសំណាក់ឈៀនទាវ ស្ថិតក្នុងភូមិក្បាល ស្ពាន១ សង្កាត់- ក្រុងប៉ោយប៉ែត ហើយបញ្ជូនមកអោយអហខេត្តកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការកាលពីថ្ងៃទី៣០មីនា។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការអហក្រុងប៉ោយប៉ែតបានឲ្យដឹងថា ៖ ជនរងគ្រោះឈ្នោះ ហាក់សីហា ភេទ ប្រុស អាយុ ៣៥ ឆ្នាំ រស់នៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
ជនសង្ស័យម្នាក់ ឈ្មោះ ឌឹម សុភ័ក្រ(ហៅ ផៃ) ភេទ ប្រុស អាយុ ២៩ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិ ក្បាលស្ពាន១ សង្កាត់- ក្រុងប៉ោយប៉ែត។
មុនពេលកើតហេតុជនរងគ្រោះបានទៅខ្ចីលុយជនសង្ស័យ ចំនួន៣០.០០០ បាត(បីម៉ឺនបាត) ។ តែជនរងគ្រោះមានបញ្ហាយកលុយសងមិនគ្រប់ទើបបណ្តាលឲ្យជនសង្ស័យខឹង ទើបរៀបចំផែនការហៅមិត្តភក្តិម្នាក់ទៀតទៅចាប់ជនរងគ្រោះគ្រៀកជាប់ហើយយកទួកឡឺវីសមុខស្រួច ទៅចាក់លើជនរងគ្រោះចំនួន ២ដងនិងដាល់ចំមុខជាច្រើនដៃបណ្តាលឲ្យរបួសធ្ងន់។
ជនដៃដល់ម្នាក់ទៀតជាគូកនបានរត់គេចខ្លួនបាត់ បច្ចុប្បន្នកម្លាំងអាវុធហត្ថកំពុងស្រាវជ្រាវចាប់ខ្លួនបន្ត ។
លោកវរសេនីយ៌ ម៉ែន ភិរម្យ មេបញ្ជការរងកងអហខេត្តបន្ទាយមានជ័យឲ្យដឹងថា ៖ យោងចំលើយរបស់ជនសង្ស័យ និងកំណត់ហេតុរបស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបញ្ជាក់អោយឃើញមានភាពស៊ីសង្វាក់គ្នាលើអង្គហេតុនិងបង្ហាញពីបទប្រព្រឹត្តអំពើហិង្សាដោយចេតនា មានទម្ងន់ស្ថានទោស កំលាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ៕ ដោយ ៖ បន្ទាយ