រទេះសេះ គឺជាមធ្យោបាយដឹកជញ្ជូនដ៏ពេញនិយមមួយ កាលពីជាង ២០ ឆ្នាំ មុន ដែលក្នុងមួយភូមិយ៉ាងហោចណាស់ក៏មានអ្នកបរសេះមួយដែរ។ តែទោះយ៉ាងណា ក្នុងរយៈពេលខ្ទង់ ១០ ឆ្នាំ ចុងក្រោយនេះ ដោយសារតែប្រទេសជាតិ កាន់តែមានការអភិវឌ្ឍន៍រីកចម្រើន និងស្របពេលបច្ចេកវិទ្យាលក៏កាន់តែទំនើបទៅៗ ជាហេតុធ្វើឲ្យមុខរបរបររទេះសេះនេះ បានបាត់ស្រមោលបន្តិចម្តងៗ ដែលពេលនេះ បួនដប់ភូមិ សឹងតែរករទេះសេះមួយគ្មាន សូម្បីតែរទេះគោ ព្រោះថា ប្រជាជនបានផ្លាស់ប្តូរទៅប្រើគោយន្តកន្ត្រៃ ស្ទើរគ្រប់ផ្ទះ សម្រាប់ជាមធ្យោបាយដឹកជញ្ជូនផង និងភ្ជួររាស់ផង ជំនួសកម្លាំងសត្វអូសទាញអស់ទៅហើយ។
តែទោះយ៉ាងណា ក៏មានពលរដ្ឋមួយចំនួននៅតែចាប់អាជីពនេះដដែល នោះគឺអាចដោយសារពួកគាត់ពុំមានលទ្ធភាពទិញគោយន្ត ឬក៏អាចនិយាយបាន ពួកគាត់នៅតែស្រឡាញ់មុខរបរបរសេះនេះក៏ថាបាន។
ជាក់ស្តែង ដូចអ្នកបររទេះសេះអាជីពម្នាក់នេះ គឺលោក ព្រំ រស់ ដែលជាអ្នកបររទេះសេះដឹកភ្ញៀវទេសចរដើរលេងកម្សាន្ត ស្ថិតនៅតំបន់សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា បានប្រាប់គួរឲ្យភ្ញាក់ផ្អើលថា បើទោះជាចំណូលបានធ្លាក់ចុះ ព្រោះគ្មានភ្ញៀវទេសចរជិះយ៉ាងណា ក៏លោកបានប្តេជ្ញាមិនបោះបង់ «រទេះសេះ» ឡើយ ដើម្បីរក្សាទុកជាមរតកដូនតា៕ រក្សាសិទ្ធិដោយ៖ លឹម ហុង