Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃ​៣០​មីនា​នេះ ជា​ខួប​៣​ឆ្នាំ នៃ​មរណភាព លោក ប៉ែន សមិទ្ធិ​

​ភ្នំពេញ ​៖ ថ្ងៃ​៣០​មីនា ឆ្នាំ​២០១៥-​ថ្ងៃ​៣០​មីនា ឆ្នាំ​២០១៨ ថ្ងៃនេះ ជា​ខួប​គម្រប់ ៣​ឆ្នាំ នៃ​មរណភាព​លោក ប៉ែន សមិទ្ធិ​។ លោក ប៉ែន សមិទ្ធិ ជា​និពន្ធ​នាយក​នៃ​កាសែត​រស្មី​កម្ពុជា និង​ជា​ប្រធាន​សារព័ត៌មាន​អេឡិចត្រូនិច CEN ព្រមទាំង​ជា​ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា (​ក​.​អ​.​ក​) បាន​ទទួលមរណភាព ក្នុង​ជន្មាយុ ៥៥ ឆ្នាំ កាលពី​វេលា​ម៉ោង ៧:២០ នាទី​ព្រឹក ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០១៥ ដោយ​រោគាពាធ​។​

​លោក ប៉ែន សមិទ្ធិ គឺជា​អ្នកសារព័ត៌មាន​កម្ពុជា​ដ៏​មាន​ស្នាដៃ​លេចធ្លោ​បំផុត​មួយ​រូប ហើយ​លោក​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់ នៅក្នុង​ការធ្វើឲ្យ​មាន​ភាព​រីកចម្រើន​នៃ​វិស័យ​សារព័ត៌មាន នៅក្នុង​ប្រទេស​កម្ពុជា​។​

​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ទាំងអស់ តែងតែ​ស្គាល់ និង​គោរព​រូបលោក ដោយសារតែ​លោក ប៉ែន សមិទ្ធិ ជា​អ្នកសារព័ត៌មាន និង​ជា​មេដឹកនាំ​ប្រកបដោយ​សមត្ថភាព និង​ចំណេះដឹង​ខ្ពង់ខ្ពស់ ហើយ​បាន​ចូលរួម​សកម្មភាព​ជាច្រើន ដើម្បី​ផលប្រយោជន៍​អ្នកកាសែត និង​សង្គម​ទាំងមូល​។​

​ក្នុងពេល​តែមួយ លោក ប៉ែន សមិទ្ធិ គឺជា​ស្ថាបនិក​នៃ​កាសែត​រស្មី​កម្ពុជា ក្លឹប​អ្នកកាសែត​កម្ពុជា និង​សារព័ត៌មាន​អេឡិចត្រូនិច CEN​។ លោក​បាន​ប្រើ​ពេលវេលា​ពេញ​មួយ​ជីវិត ដើម្បី​ការអភិវឌ្ឍ​ក្នុង​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា​។​

​អ្នកកាសែត​គ្រប់រូប ចាត់ទុក​មរណភាពរ​បស់​លោក ប៉ែន សមិទ្ធិ គឺជា​ការបាត់បង់​ដ៏​សែន​ធំធេង​នៃ​វិស័យ​ព័ត៌មាន​នៅ​កម្ពុជា និង​ជា​ការបាត់បង់​មេដឹកនាំ ប្រកបដោយ​សមត្ថភាព ការទទួលខុសត្រូវ និង​ព្រហ្ម​វិហារធម៌​។​

​អ្នកសារព័ត៌មាន​ទាំងអស់ ពិសេស​បុគ្គលិក​កាសែត​រស្មី​កម្ពុជា បុគ្គលិក​វេបសាយ​សារព័ត៌មាន​អេឡិចត្រូនិ​ក CEN និង​គណៈកម្មាធិការ​នា​យក ព្រមទាំង​សមាជិក​ក្លឹប​អ្នកកាសែត​កម្ពុជា​ទាំងអស់ សូម​សម្តែង​នូវ​ការសោកស្តាយ​ដ៏​ជ្រាលជ្រៅ និង​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ជាមួយ​ក្រុមគ្រួសារ​នៃ​សព​លោក ប៉ែន សមិទ្ធិ និង​សូម​ឲ្យ​វិញ្ញាណក្ខន្ធ​លោក​ទៅ​កាន់​សុគតិភព​។​

​លោក ប៉ែន សមិទ្ធិ កើត​នៅ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​១៩៦០ នៅ​ភូមិ​កំពង់ចាម ឃុំ​កំពង់ចាម ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ក្នុង​គ្រួសារ​កសិករ​មួយ ដែល​មាន​ប្រវត្តិ ជា​អ្នកសិក្សា​រៀនសូត្រ​។​

កាល​ពី​កុមារភាព លោក ប៉ែន សមិទ្ធិ បាន​សិក្សា​នៅ​សាលា​បឋមសិក្សា​វត្ត​ដីដុះ ក្នុង​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម​។ បន្ទាប់មក សិក្សា​នៅ​វិទ្យាល័យ ឥន្ទ្រ​ទេវី ទួលគោក ភ្នំពេញ រហូតដល់​ឆ្នាំ​១៩៧៥​។ លោក​ត្រូវបាន​ចាត់ទុកជា​សិស្ស​ឆ្នើម នៅ​ក្នុង​ថ្នាក់រៀន​។​

​ចាប់ពី​ឆ្នាំ​១៩៧៥-១៩៧៩ លោក​រស់​នៅក្នុង​របប​ប៉ុលពត នៅ​ភូមិ​កន្សោម​អ​ក ឃុំ​កន្សោម​អ​ក ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង​។​

​ឆ្នាំ​១៩៧៩-១៩៨០ គឺ​ក្រោយ​របប​ប៉ុលពត លោក​បាន​សាង​ផ្នួស​ជា​សាមណេរ នៅ​វត្ត​កំរែង ស្ថិត​នៅក្នុង​ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង​។​

​ចំពោះ​ការសិក្សា​ជាន់ខ្ពស់​វិញ លោក ប៉ែន សមិទ្ធិ បាន​ទទួល​ការសិក្សា​ជាន់ខ្ពស់​ជាច្រើន ដូចជា​៖
– បាន​ទទួល​សញ្ញាបត្រ​ស្រាវជ្រាវ​វប្បធម៌​ខ្មែរ រាជធានី​ភ្នំពេញ (១៩៨០-១៩៨១)​។​
-​បាន​ទទួល​សញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ នៅ​វិទ្យាស្ថាន ង្វៀន​អាយគួក ទី​៧ នៃ​ប្រទេស​វៀតណាម (១៩៨៤-១៩៨៦)​។​
– បាន​ទទួល​បរិញ្ញាបត្រ​ផ្នែក​សារព័ត៌មាន នៅ​អតីត​សហភាពសូវៀត នា​ឆ្នាំ​១៩៨៧​។​

​បទពិសោធន៍​ការងារ​៖
​លោក ប៉ែន សមិទ្ធិ ត្រូវបាន​ចាត់ទុកជា​អ្នកសារព័ត៌មាន​វិជ្ជាជីវ​: មាន​សមត្ថភាព​ខ្ពស់ និង​បាន​ចូលរួមចំណែក​យ៉ាង​ធំធេង​បំផុត ធ្វើឲ្យ​វិស័យ​សារព័ត៌មាន​នៅ​ប្រទេស​កម្ពុជា មាន​ការរីកចម្រើន​។​

-​ពី​ឆ្នាំ​១៩៧៩-១៩៨១: បុគ្គលិក​មន្ទីរ​ឃោសនាការ និង​ព័ត៌មាន រាជធានី​ភ្នំពេញ​។​
-​ពី​ឆ្នាំ​១៩៨១-១៩៨៦: ជា​អ្នកយកព័ត៌មាន និង​ក្រោយមក ជា​អ្នកនិពន្ធ​កាសែត​ភ្នំពេញ​
-​ពី​ឆ្នាំ​១៩៨៦-១៩៩៣: និពន្ធ​នាយក​កាសែត​ភ្នំពេញ​។​
-​អនុប្រធាន​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (១៩៩៦-១៩៩៨)​។​
-​ខែ​មេសា ឆ្នាំ​១៩៩៣ រហូត​ដល់​ឥឡូវនេះ​: លោក​ជា​ស្ថាបនិក និង​ជា​និពន្ធ​នាយក​កាសែត​រស្មី​កម្ពុជា​។​
-​ចាប់ពី​ខែ​សីហា ឆ្នាំ​២០០០​មក លោក​ជា​ស្ថាបនិក និង​ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា ដែល​ដើរតួនាទី​យ៉ាងសំខាន់ សម្រាប់​ការរីកចម្រើន​វិស័យ​សារព័ត៌មាន នៅ​កម្ពុជា​។​
-​ខែកក្កដា ឆ្នាំ​២០០៨ រហូតមកដល់​បច្ចុប្បន្ន​នេះ​: ជា​អគ្គនាយក​នៃ​គេហទំព័រ CEN ដែល​ជា​វេបសាយ​ព័ត៌មាន​ខេម​រ​ភាសាដ៏​លេចធ្លោ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​។ ក្រោយមក លោក​បង្កើត​វេបសាយ​ភាសា​អង់គ្លេស ដែល​មានឈ្មោះ​ថា The Cambodia Herald ដែល​មាន​អាស័យដ្ឋាន www.thecambodiaherald.com​។​
-​ខែ​កញ្ញា ឆ្នាំ​២០០៨ រហូតដល់​ឆ្នាំ​២០១៥៖ លោក​ប៉ែន​សមិទ្ធិ ជា​សាស្ដ្រាចារ្យ នៅដេ​ប៉ាតឺ​ម៉ង់ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ DMC៕ ដោយ​៖ FB: Ly Menghour​

×