Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណីក្រុមជួញដូរគ្រឿងញៀនបាញ់ជាមួយសមត្ថកិច្ច ៖ ចាប់ខ្លួនមនុស្ស២នាក់ ដកហូតកាំភ្លើង១ដើម ថ្នាំញៀនជិត៣០គីឡូ

ភ្នំពេញ ៖ ករណីផ្ទុះអាវុធរវាងក្រុមជួញដូរគ្រឿងញៀន ជាមួយកម្លាំងសមត្ថកិច្ច របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ សមត្ថកិច្ចចាប់ខ្លួនជនជាតិថៃ និងបក្ខពួកសរុបចំនួនពីរនាក់ និងដកហូតថ្នាំញៀនជិត ៣០គីឡូក្រាម។ ចំណែកមេក្លោង និងបក្ខពួកដែលរត់គេចខ្លួន សមត្ថកិច្ចកំពុងតែស្រាវជ្រាវតាមរកចាប់ខ្លួន។

ហេតុការណ៍បាញ់គ្នា រវាងក្រុមជួញដួរគ្រឿងញៀន ជាមួយកម្លាំងសមត្ថកិច្ច គឺដូចក្នុងខ្សែភាពយន្តបរទេស ប៉ុន្តែមិនបានបណ្តាលឲ្យភាគីទាំងសងខាង របរបួសនោះទេ។ ករណីនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ នៅចំណុចបណ្តោយផ្លូវជាតិលេខ៦A សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងប្រាប់ CEN នៅរសៀលថ្ងៃទី២០ ខែសីហានេះថា នៅក្នុងករណីផ្ទុះអាវុធនេះ គឺដោយសារជនល្មើសបានបាញ់មកលើកម្លាំងសមត្ថកិច្ច ទើបសមត្ថកិច្ចក៏បានបាញ់តបតសន្ធាប់ ធ្វើឲ្យពួកវាទម្លាក់អាវុធចុះចាញ់ និងបានឃាត់ខ្លួនក្រុមជួញដូរគ្រឿងញៀន ចំនួនពីរនាក់ រួមទាំងកាំភ្លើងខ្លី ១ដើម ដកហូតថ្នាំញៀនជិត ៣០គីឡូក្រាម។

មន្ត្រីដដែលបានបន្តថា ជនសង្ស័យដែលចាប់ខ្លួន មានដូចជា : ១-ឈ្មោះ គីម តាត់ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ខ្មែរ និង២-ឈ្មោះ ប្រាក់ សឺត ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិ ថៃ។ ដកហូតសារធាតុញៀនប្រភេទ ម៉េតំហ្វេតាមីន (ICE) ចំនួន២៤កញ្ចប់ធំ ទម្ងន់ប្រមាណជាង ២៤គីឡូក្រាម និងសារធាតុញៀនប្រភេទ MDMA (គ្រាប់) ១៤កញ្ចប់ ទម្ងន់ប្រមាណ៤គីឡូក្រាម។ កាំភ្លើងខ្លីធុនរ៉ូឡូ ១ដើម និងរថយន្ត៤គ្រឿង។

ប្រភពដដែលបានបញ្ជាក់អំពីដំណើររឿងថា កម្លាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងជំនាញ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួល ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដំណើរការស៊ើបអង្កេត ស្រាវជ្រាវបង្រ្កាប លើ២គោលដៅ :

គោលដៅទី១.កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១៣និង៥០នាទី នៅចំណុចបណ្តោយផ្លូវជាតិលេខ៦A សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានផ្ទុះអាវុធដោយជនល្មើស បាញ់មកលើកម្លាំងសមត្ថកិច្ច សមត្ថកិច្ចក៏បានបាញ់ សន្ធាប់ធ្វើឲ្យពួកវាទម្លាក់អាវុធចុះចាញ់ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ចាប់យកវត្ថុតាងសារធាតុញៀនប្រភេទម៉េតំហ្វេតាមីនមួយចំនួន កាំភ្លើងខ្លីធុនរូឡូ ១ដើម (បាញ់អស់៣គ្រាប់) រថយន្ត ១គ្រឿង ។
គោលដៅទី២ : នៅវេលាម៉ោង១៥និង០០ (ថ្ងៃដដែល) បានបន្តស្រាវជ្រាវឆែកឆេរ ផ្ទះលេខ៣២ ផ្លូវC ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជាលទ្ធផលសរុបទាំង២គោលដៅ : ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ គឺ ១-ឈ្មោះ គីម តាត់ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ខ្មែរ និងទី២-ឈ្មោះ ប្រាក់ សឺត ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិ ថៃ ។ ចាប់យកវត្ថុតាងសារធាតុញៀនប្រភេទ ម៉េតំហ្វេតាមីន (ICE) ចំនួន២៤កញ្ចប់ធំ ទម្ងន់ប្រមាណជាង២៤គីឡូក្រាម។ សារធាតុញៀនប្រភេទMDMA (គ្រាប់) ១៤កញ្ចប់ ទម្ងន់ប្រមាណ៤គីឡូក្រាម។ រថយន្ត៤គ្រឿង អាវុធខ្លី ម៉ាករ៉ូឡូ ១ដើម សំបកគ្រាប់០៣គ្រាប់ និងគ្រាប់មិនទាន់បាញ់០៣គ្រាប់៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×