Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្តកណ្ដាល គ្រោងយកតំបន់មេទឹកព្រែករាំង សម្រាប់ធ្វើទីលានចាក់សំរាម និងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិក

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំក្រុមការងារ មន្ត្រីជំនាញ និងអាជ្ញាធរស្រុកស្អាង ចុះពិនិត្យទីតាំង សម្រាប់ធ្វើទីលានចាក់សំរាម និងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិក ក្រោមគម្រោងហិរញ្ញប្បទានរបស់ធនាគារពិភពលោក ដែលមានទីតាំងស្ថិតនៅតំបន់មេទឹកព្រែករាំង ក្នុងភូមិព្រែករាំង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។

មានប្រសាសន៍នាឱកាសចុះពិនិត្យនេះដែរ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិក គឺពិតជាមានសារៈសំខាន់ណាស់ ប្រសិនបើការទុកដាក់សំរាម សំណល់រឹង និងប្លាស្ទិក មិនត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសនោះទេ វានឹងបណ្ដាលឱ្យយើងជួបនូវបញ្ហាប្រឈម ព្រមទាំងជះឥទ្ធិពលដល់បញ្ហាសុខភាពនៅរយៈពេលយូរខាងមុខទៀត។

ឯកឧត្តម ប្រាក់ សំអឿន បន្តថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសមានការរីកចម្រើនលើគ្រប់វិស័យ ហើយការប្រែប្រួល និងការប្រើប្រាស់សំរាម សំណល់រឹង និងប្លាស្ទិក មានការកើនឡើងគួរឱ្យព្រួយបារម្ភ ដែលតម្រូវឱ្យយើងទាំងអស់គ្នា ត្រូវធ្វើការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិក ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ស្តង់ដារបច្ចេកទេស។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ប្រាក់ សំអឿន ក៏បានស្នើដល់អាជ្ញាធរខេត្ត ពិសេសអាជ្ញាធរភូមិ-ឃុំ ត្រូវធ្វើការផ្សព្វផ្សាយ អប់រំ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋ សូមធ្វើការទុកដាក់ និងបែងចែកសំរាមទៅតាមប្រភេទនីមួយៗ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងធ្វើការកែច្នៃសំរាមឱ្យមានប្រសិទ្ធភាពផងដែរ។

មានប្រសាសន៍នាឱកាសនោះដែរឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិក ក្រោមគម្រោងហិរញ្ញប្បទានរបស់ធនាគារពិភពលោក។

ឯកឧត្តមអភិបាលខេត្ត បន្ថែមថា ទីតាំងតំបន់មេទឹកព្រែករាំងនេះ គឺជាទីតាំងដីរដ្ឋ ដែលបានចុះបញ្ជីដីធ្លីរួចរាល់ ហើយទីតាំងនេះគឺជាទីតាំងសមស្រប ដែលអាចធ្វើជាទីលានចាក់សំរាម និងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិក ស្របតាមលក្ខណៈបច្ចេកទេស។ ទន្ទឹមនឹងនោះឯកឧត្តមអភិបាលខេត្ត ក៏បានយល់ព្រមធ្វើការនៅលើទំនប់ ដើម្បីការពារទឹកជំនន់ នៅជុំវិញបរិវេណទីលានចាក់សំរាមនេះផងដែរ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×