ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលដង្កោ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វេីការស្រាវជ្រាវឃាត់ខ្លួនបាន កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពីទទួលពាក្យបណ្ដឹងបុរសម្នាក់ត្រូវជាប្អូនថ្លៃជនសង្ស័យ ពាក់ព័ន្ធករណីដុតបំផ្លាញទ្រព្យសម្បត្តិ ដោយចេតនា (ម៉ូតូកង់បី)ឲ្យ រងការខូចខាត កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅផ្ទះលេខ៤៥០ ផ្លូវបេតុង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ប៊ូ គន្ធរ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកេីតហេតុ ។ ចំណែកជនរងគ្រោះត្រូវជាប្អូនថ្លៃមានឈ្មោះ ឡឹក ចាន់វាសនា ភេទប្រុស អាយុ៣១ឆ្នាំ មុនរបររត់ម៉ូតូកង់បី(ផាស់អាប់) ស្នាក់នៅផ្ទះកេីតហេតុជាមួយគ្នា។
បេីតាមប្រភព័ត៌មានពីសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលដង្កោ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ មានបុរសម្នាក់ជាជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹងឲ្យជួយអន្តរាគមន៍ រឿងបងថ្លៃដុតបំផ្លាញម៉ូតូកង់បី របស់ខ្លួនឲ្យរងការខូចខាតយ៉ាងដំណំ ព្រោះតែជនសង្ស័យខឹងខ្ចីលុយប្អូនថ្លៃចំនួន៦០០ដុល្លារមិនបាន រួចជនសង្ស័យក៏បានគេចខ្លួនបាត់ ។

បន្ទាប់ពីទទួលបានពាក្យបណ្ដឹងនេះរួចរាល់ កម្លាំងសមត្ថកិច្ចជំនាញប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោ បានចុះធ្វេីការស្រាវជ្រាវ ក្នុងមូលដ្ឋានក៏រកឃេីញជនសង្ស័យ ចេញពីផ្ទះសំណាក់ដេីរតាមផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រួចធ្វេីការឃាត់ខ្លួនយកមកសួរនាំតែម្ដង។
ក្រោយពីសមត្ថកិច្ចជំនាញប៉ុស្ដិ៍រដ្ឋបាលដង្កោ សួរនាំរួចរាល់ ហេីយជនសង្ស័យក៏បានសារភាពថា ខ្លួនពិតជាដុតដោយចេតនា បំផ្លាញម៉ូតូកង់បី ប្អូនថ្លៃប្រាកដមែន ទេីបសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនបន្តទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដេីម្បីចាត់ការបន្តតាមច្បាប់ ៕រក្សាសិទ្ធិដោយ៖សួង សាម
