Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ Delta ៨៣៦នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែសីហានេះ បានបញ្ជាក់ថា ចាប់ពីថ្ងៃទី៣១ ខែមីនា រហូតដល់ថ្ងៃទី១៩ ខែសីហា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ប្រភេទបំប្លែងថ្មីដែលតា(Delta) ចំនួន ៨៣៦នាក់។

ក្រសួងសុខាភិបាល​ បានបន្តទៀតថា លទ្ធផលខាងលើនេះ បង្ហាញឱ្យឃើញថា វីរុសដែលតា (Delta) បាននិងកំពុងបន្តរាតត្បាតវាយលុកចូលក្នុងសហគមន៍របស់យើង ជាពិសេស រាជធានីភ្នំពេញ ខេត្តឧត្តរមានជ័យ សៀមរាប ព្រះវិហារ កំពង់ចាម កំពង់ធំ កណ្តាល បន្ទាយមានជ័យ និងបណ្តាខេត្តមួយចំនួនទៀត ។

សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានក្រើនរំលឹកហើយរំលឹកទៀត និងសូមអំពាវនាវដោយទទូចដល់សាធារណជន ប្រជាពលរដ្ឋយើងទាំងអស់នៅទូទាំងប្រទេសកម្ពុជា ឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន កុំភ្លេចខ្លួនឲ្យសោះ ដោយត្រូវចេះផ្លាស់ប្តូរទម្លាប់រស់នៅរបស់ខ្លួនឲ្យស្របតាមពាក្យស្លោកដែលថា៖ «រៀនរស់នៅ ធម្មតាជាមួយវីរុសកូវីដ-១៩ តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩- សំដៅបង្ការគ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ-១៩ ជាពិសេសពពួកប្រភេទបំប្លែងថ្មីនេះ ឬក៏ប្រភេទថ្មីផ្សេងទៀត ដែលអាចកើតមានក្នុងព្រះរាជាណាចក្រកម្ពុជាយើង ជាយថាហេតុណាមួយ»។

ក្រសួងថែមទាំងសំណូមពរ សូមបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ ៣ការពារ (ពាក់ម៉ាស់ លាងដៃឱ្យញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) និង៣កុំ (កុំទៅកន្លែងមានមនុស្សច្រើន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) តាមការណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ រីឯបុគ្គលដែលតម្រូវឱ្យធ្វើ
ចត្តាឡីស័ក ត្រូវតែគោរពតាមគោលការណ៍ការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងគោរពទៅតាមការណែនាំរបស់គណៈកម្មការគ្រប់គ្រងនៅទីតាំងនោះ ដើម្បីទប់ស្កាត់ការចម្លងបន្តគ្នានៅក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ។

ជាបន្ថែមសូមកុំទៅកាន់ទីតាំង៣ (កន្លែងមនុស្សជួបជុំច្រើន កន្លែងមនុស្សនៅជិតៗគ្នា កន្លែងដែលបិទជិត) គឺជាទីតាំងដែលមានហានិភ័យឆ្លងខ្ពស់បំផុត រួមមានជួបជុំគ្នា ដើម្បីទទួលទានបាយរួម ឬបង្កឱ្យមានជួបជុំ ពិធីភ្ជាប់ពាក្យ ឬពិធីបុណ្យទានអ្វីមួយ និងកាត់បន្ថយការធ្វើដំណើរចល័ត ឬនៅផ្ទះប្រសិនមិនមានភារកិច្ចចាំបាច់ត្រូវចេញក្រៅ។ ក្រសួងសុខាភិបាល ក៏សូមប្រជាពលរដ្ឋ និងកូនក្មួយទាំងអស់ ដែលមានអាយុចាប់ពី ១២ឆ្នាំឡើងនៅពេលដែលដល់វេន សូមចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា។

ទន្ទឹមនឹងនោះដែរ ក្រសួងសុខាភិបាលសង្កេតឃើញថា ការចម្លងនាបច្ចុប្បន្ននេះមានសន្ទុះកើនឡើងលើយុវវ័យ ដែលក្រុមនេះបានដើរចេញក្រៅផ្ទះច្រើន ឬមានការជួបជុំមិត្តភក្ត។ ហេតុនេះ សូមយុវវ័យគ្រប់រូប ចូលរួមអនុវត្ត នូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានម៉ត់ចត់នឹងត្រឹមត្រូវ លើ៣ការពារ និង៣កុំ ដើម្បីការពារបុគ្គលខ្លួនឯង កុំនាំវីរុសកូវីដ-១៩ មកចូលផ្ទះ និងដើម្បីការពារសមាជិកគ្រួសាររបស់ខ្លួន ជាពិសេស ឪពុកម្តាយ ជីដូន ជីតា ឬអ្នកមានជំងឺប្រចាំកាយនៅក្នុងគ្រួសារ ដែលជាបុគ្គលងាយរងគ្រោះនិងប្រឈមខ្ពស់ចំពោះភាពធ្ងន់ធ្ងរនៃជំងឺ ឬឈានទៅដល់ការស្លាប់បើមានការឆ្លងនូវវីរុសកូវីដ-១៩នេះ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×