ភ្នំពេញ ៖ លោក កាង ប៉េងហាក់ ប្រធានមន្ទីរសាធារណការខេត្តពោធិ៍សាត់ បានរងការចោទប្រកាន់ពីក្រុមន្ត្រីមួយចំនួនថា ឃុបឃិតជាមួយប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តឃ្លាំងមឿង ផ្លូវជាតិលេខ៥ ខេត្តពោធិ៍សាត់ ពាក់ព័ន្ធការថ្លឹងរថយន្តមានភាពមិនប្រក្រតី យកលលុយចែកគ្នាដាក់ក្នុងហោប៉ៅ។ ហើយបើគ្មានការឲ្យភ្លើងខៀវពីលោក កាង ប៉េងហាក់ ទេនោះ គឺប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តឃ្លាំងមឿង មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួននោះទេ។

មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ដោយសារមានមន្ត្រីធំធ្វើជាខ្នងបង្អែកនៅក្នុងក្រសួងសាធារណការ និងដឹកជញ្ជូន ទើបលោក កាង ប៉េងហាក់ រក្សាតំណែងជាប្រធានមន្ទីរសាធារណការខេត្តពោធិ៍សាត់ បានយូរ។
សេចក្តីរាយការណ៍ពីក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញ ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តឃ្លាំងមឿង ផ្លូវជាតិលេខ៥ បានបង្ហើបថា ទោះបីពួកគេដឹកជញ្ជូនទំនិញផ្ទុកមិនលើសទម្ងន់ ក៏ត្រូវបង់លុយតាមការកំណត់ របស់មន្រ្តីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តឃ្លាំងមឿងដែរ។
ផ្ទុយទៅវិញម្ចាស់រថយន្តធំៗ ផ្ទុកលើសទម្ងន់អាចបើកបរឆ្លងកាត់ មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តឃ្លាំងមឿង ដោយមិនបាច់ចូលថ្លឹងឡើយ ឲ្យតែម្ចាស់រថយន្តទាំងនោះ បង់លុយតាមការកំណត់។

ជាងនេះទៅទៀតប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តឃ្លាំងមឿង ផ្លូវជាតិលេខ៥ ក្រុមពោធិ៍សាត់ ខេត្តពោធិ៍សាត់ តែងតែប្រើឈ្មោះ លោក កាង ប៉េងហាក់ ប្រធានមន្ទីរសាធារណការខេត្តពោធិ៍សាត់ ដើម្បីការពារទង្វើមិនប្រក្រតី និងអំពើពុករលួយរបស់ខ្លួន យ៉ាងត្រជាក់ចិត្ត។
ទាក់ទងការចោទប្រកាន់នេះ លោក កាង ប៉េងហាក់ ប្រធានមន្ទីរសាធារណការខេត្តពោធិ៍សាត់ និងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តឃ្លាំងមឿង មិនអាចសុំការអត្ថាធិប្បាយបានទេ៕ រក្សាសិទ្ធិដោយ៖CEN
