Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឪពុកដឹកកូន២នាក់ ចេញពីផ្ទះម្តាយ ត្រឡប់ទៅផ្ទះវិញ ស្រាប់តែជិះម៉ូតូទាក់ដៃចង្កូតរថយន្ត រអិលកូនធ្លាក់ត្រូវរថយន្តកិនស្លាប់ភ្លាមៗ

ភ្នំពេញ​ ÷ កុមារីម្នាក់អាយុ២ខួប ត្រូវបានបាត់បង់ជីវិតភ្លាមៗ ចំណែកឯកុមារ៉ាត្រូវជាបង មិនមានរងរបួសនោះទេ បន្ទាប់ពីឪពុកបានដឹកទៅលេងផ្ទះលោកយាយ រួចបានដឹកត្រឡប់ទៅផ្ទះវិញ ស្រាប់តែជិះម៉ូតូទៅទាក់ដៃចង្កូត ជាមួយនឹងរថយន្តធ្លាក់កូនចូលក្រោមកង់រថយន្ត កិនបែកខួរស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣៧១ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សពក្មេងមានឈ្មោះមរកត ភេទស្រី អាយុ២ខួប មានទីលំនៅ ក្នុងសង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ។

យោងតាមប្រភពព័ត៌មានពីឪពុកកុមារីរងគ្រោះ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុខ្លួន បានជិះម៉ូតូម៉ាកហុងដាស្គុបពី ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ1HR-7820 បានជិះឌុបកូន២នាក់ ទៅលេងផ្ទះម្តាយបង្កើត ត្រូវជាលោកយាយក្មេងទាំង២នាក់ នៅម្តុំបឹងទំពុន ក្រោយមកឪពុកក្មេងរងគ្រោះ គាត់ក៏បានដឹកកូនត្រឡប់មកផ្ទះវិញ ស្របពេលមេឃកំពុងតែភ្លៀងធ្លាក់ខ្លាំង គាត់បានជិះម៉ូតូតាមផ្លូវ៣៧១ ក្នុងទិសដៅពីត្បូងមកជើង ខណៈមកដល់ចំណុចកើតហតុ ស្រាប់តែជិះទៅទាក់ដៃចង្កូត ជាមួយនឹងរថយន្តមិនចាំម៉ាក បណ្តាលឲ្យរអិលកុម៉ារីរងគ្រោះ អង្គុយនៅខាងមុខ ធ្លាក់ចូលក្រោមកង់រថយន្តមិនចាំម៉ាក កិនបែកខួរស្លាប់ភ្លាមៗ ចំណែករថយន្តបង្កបានបើកទៅមុខរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការ​ជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់ធ្វើការសួរនាំ រួចក៏បានធ្វើកំណត់ហេតុ ប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖សា មេត

×