ភ្នំពេញ ៖ ក្រសួងសុខាភិបាល ថ្មីៗនេះ បានរកឃើញករណីវីរុសកូវីដ-១៩ បំប្លែងថ្មី Delta បន្ថែមទៀត សរុបទៅ ចំនួន ៨៣៦នាក់ ដែលលទ្ធផលនេះ បង្ហាញថា វីរុស Delta បាននិងកំពុងបន្តរាតត្បាតវាយលុកចូលក្នុងសហគមន៍កម្ពុជា សរុប ២៣ រាជធានី-ខេត្ត, ជាពិសេស រាជធានីភ្នំពេញ ដ៏គួរឲ្យព្រួយបារម្ភ។

បើតាមខ្លឹមសារ ក្រសួងសុខាភិបាល ដែលចេញសេចក្ដីជូនដំណឹង នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ថា រាជធានីភ្នំពេញ ខេត្តឧត្តរមានជ័យ សៀមរាប ព្រះវិហារ កំពង់ចាម កំពង់ធំ កណ្តាល បន្ទាយមានជ័យ និងបណ្តាខេត្តមួយចំនួនទៀត កំពុងត្រូវបានវីរុស Delta លុកលុយ, ហើយតាំងពី ថ្ងៃទី៣១ ខែមីនា រហូតដល់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ប្រភេទ Delta ចំនួន ៨៣៦នាក់។
ក្រសួងសុខាភិបាល បានបញ្ជាក់ទៀតថា វីរុសកូវីដ-១៩ Delta នេះ បានវាយលុកចូលសហគមន៍កម្ពុជាក្នុងបណ្ដាខេត្ត ២៣ រាជធានី-ខេត្ត លើកលែងតែខេត្តក្រចេះ និងខេត្តកែប ប៉ុណ្ណោះ។

ទោះជាយ៉ាងណា លោកសាស្ត្រាចារ្យ ម៉មប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវដល់សាធារណជនថា សូមកុំទៅកាន់ទីតាំង ៣ គឺ ១-កន្លែងមនុស្សជួបជុំច្រើន , ២- កន្លែងមនុស្សនៅជិតៗគ្នា , ៣- កន្លែងដែលបិទជិត, គឺជាទីតាំងដែលមានហានិភ័យឆ្លងខ្ពស់បំផុត ដូចជា ការជួបជុំគ្នាទទួលទានបាយរួម , ការជួបជុំគ្នាក្មុងពិធីភ្ជាប់ពាក្យ ឬពិធីបុណ្យទានអ្វីមួយ, និងកាត់បន្ថយការធ្វើដំណើរចល័តរហេតរហូត , អ្វីដែលសំខាន់ត្រូវនៅផ្ទះ ប្រសិនមិនមានភារកិច្ចចាំបាច់ត្រូវចេញក្រៅ។

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមឲ្យប្រជាពលរដ្ឋទាំងអស់ គោរពវិធានការផ្សេងៗរបស់ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានី-ខេត្ត, អនុវត្តឲ្យបានខ្ជាប់ខ្ជួន ៣ការពារ (ត្រូវពាក់ម៉ាស់ លាងដៃឱ្យញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពមួយម៉ែត្រកន្លះឡើង) និង ៣កុំ (កុំទៅកន្លែងមានមនុស្សច្រើន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញ-ចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា)។
សូមប្រជាពលរដ្ឋ និងកូនក្មួយទាំងអស់ ដែលមានអាយុចាប់ពី ១២ឆ្នាំឡើង នៅពេលដែលដល់វេន សូមចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN









