ភ្នំពេញ ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអ្នកនាំពាក្យគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឹកូវីដ-១៩ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ បានបង្ហាញអំពីលទ្ធផលកិច្ចប្រតិបត្តិការរបស់អនុគណៈ កម្មការដឹកនាំការអនុវត្តច្បាប់នៃគណៈកម្មការអន្តរក្រសួងដើម្បី ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងរយៈពេល២១ថ្ងៃ នៃការអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ទូទាំងប្រទេស គិតចាប់ពីថ្ងៃទី ២៩ ខែ កក្កដា ដល់ត្រឹមថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២១ ។
លោក គឹម សន្តិភាព បានឲ្យដឹងថា លទ្ធផលកិច្ចប្រតិបត្តិការរបស់អនុគណៈ កម្មការដឹកនាំការអនុវត្តច្បាប់ នៃគណៈកម្មការអន្តរក្រសួងដើម្បី ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងរយៈពេល២១ថ្ងៃ គឺចុះផ្សព្វផ្សាយអប់រំអំពីច្បាប់លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជូនប្រជាពលរដ្ឋ សរុបបានចំនួន ២២.៤៦៤ទីតាំង ។
បង្ក្រាបរាល់សកម្មភាពល្មើសវិធានការសរុបរួមមាន ៖ ករណីល្មើស ៖ ១៧.៩៩៧ករណី ឃាត់ខ្លួនមនុស្ស ៣៥.២៣១នាក់ ក្នុងនោះជនបរទេស ២១៩នាក់ ក្នុងនោះអនុវត្តវិធានការអប់រំចំនួន ៣៣.៨៤៤នាក់ អនុវត្តវិធានការពិន័យ ១.២៩២នាក់, និងបញ្ជូនទៅតុលាការ ៩៥នាក់(ជនបរទេសម្នាក់)។ ឃាត់យាន៖ រថយន្ត ៥.៩៨១គ្រឿង, ម៉ូតូ ៩.២៦១គ្រឿង ថវិកាពិន័យ ៧២២.៨០០.០០០រៀល បិទទីតាំងអាជីវកម្ម ៥ទីតាំង ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ
