រឿងរ៉ាវមរណភាពរបស់បុរសវ័យចំណាស់ម្នាក់ ថ្មីៗនេះ បានធ្វើឲ្យមហាជននៅក្នុងបណ្តាញសង្គម ផ្ទុះការចាប់អារម្មណ៍ និងរំជួលចិត្តស្ទើរហូរទឹកភ្នែកមិនដឹងខ្លួន ព្រោះថាមុនដង្ហើមចុងក្រោយ បុរសវ័យចំណាស់រូបនេះ បានសរសេរសំបុត្រមួយរៀបរាប់ផ្តាំលាកូនចៅ និងពិសេសក្នុងនោះ គាត់បានបន្សល់ទុកលុយជិត ២ ពាន់ដុល្លារ នៅក្នុងស្បោងក្បាលដំណេក ដើម្បីទុកគ្រាន់ឲ្យកូនចៅចាត់ចែងពិធីបុណ្យសពរបស់គាត់ផង។
នេះបើតាមគណនីហ្វេសប៊ុកមួយឈ្មោះ Sothea Yong ដែលត្រូវជាកូនស្រីបង្កើតសពខាងលើ បានបង្ហោះសារឲ្យដឹងថា ក្រុមគ្រួសាររបស់ខ្លួនមានទុក្ខជាខ្លាំង ដោយលោកឪពុកឈ្មោះ យិត តុងអាន ហៅ យ៉ុង អាន បានទទួលមរណភាពនៅម៉ោង ៤ ទៀបភ្លឺ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ម្សិលមិញនេះ។
ប៉ុន្តែ អ្វីដែលធ្វើឲ្យកូនចៅរំជួលចិត្តខ្លាំងនោះ គឺមុនពេលចាកចេញ ឪពុករបស់ពួកគេបានបន្សល់ទុកនូវបណ្តាំមួយដ៏គួរឲ្យស្រណោះ ដែលក្នុងសំបុត្រនោះគាត់បានសរសេរយ៉ាងដូច្នេះថា៖ «ជូនចំពោះកូន ធា ជាដំណឹង ពេលពុកស្លាប់ទៅ លុយសម្រាប់ធ្វើបុណ្យពុក គឺពុកទុកនៅក្នុងស្បោងក្បាលដំណេកពុក ប្រហែល ១៩០០ ដុល្លារ សម្រាប់ធ្វើបុណ្យឲ្យពុក ពុកលាសិនហើយ។ ពុកចាស់ហើយ ភ្នែកអន់ កម្លាំងក៏ខ្សោយ ធ្វើអ្វីមិនកើតទៀតទេ ពុកនៅនាំទុក្ខវេទនាណាស់ ពុកមិននៅទេ លាកូនទាំងអស់គ្នាហើយ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង