ខេត្តព្រះសីហនុ ៖ សាលាឧទ្ធរណ៍ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ បានប្រកាសសាលដីកា លើបណ្តឹងឧទ្ធរណ៍ របស់ជនជាប់ចោទ ឈ្មោះ ប៉ែន មុំ អតីតក្រុមប្រឹក្សាឃុំជាប់ឆ្នោតរបស់អតីតគណបក្សសង្គ្រោះជាតិ នៅឃុំកណ្តាល, ស្រុកទឹកឈូ ខេត្តកំពត ដែលត្រូវបានតុលាការថ្នាក់ក្រោម កាត់ទោសដាក់ពន្ធនាគារ កំណត់ ៥ ឆ្នាំ កាលពីឆ្នាំមុន ជាប់ពាក់ព័ន្ធនឹង ការគៀរគរមនុស្ស ដើម្បីនាំគ្នាទៅចាំទទួល និងស្វាគមន៍ផែនការខ្យល់ នៃវិលត្រឡប់របស់លោកសមរង្ស៊ី និង គូកន នៅព្រំដែនខ្មែរថៃ នៅថ្ងៃទី៩ វិច្ឆិកាឆ្នាំ ២០១៩។
សវនាការនេះ បានធ្វើឡើងដោយលោកអ៉ិត សម្ផស្ស ជាប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាឧទ្ធរណ៍ ខេត្តព្រះសីហនុ។
លោកចៅក្រមសម្ភស្ស បានសម្រេចតម្កល់សាលក្រមរបស់តុលាការដំបូងខេត្តកំពត ចុះកាលបរិច្ឆេទ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ រក្សាទុកជាបានការដដែល តែបានកែប្រែ និងបន្ធូរបន្ថយទោសរបស់ជនជាប់ចោទ ដោយអនុវត្តទោសជាប់ក្នុងពន្ធនាគារ តែ ០៣ ឆ្នាំ ទោសនៅសេសសល់ ០២ ឆ្នាំ ទៀត គឺត្រូវព្យួរទាំងអស់។
យោងតាមដីការបស់តុលាការ បានឲ្យដឹងថា នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ឈ្មោះ ប៉ែន មុំ ភេទស្រី អាយុ៣៩ឆ្នាំ មានទីលំនៅមិនចាប់ខ្លួន នៅឃុំកណ្តោល, ស្រុកទឹកឈូ ខេត្តកំពត។
ជនជាប់ចោទត្រូវបាន ជាប់ចោទពីបទ «រួមគំនិតក្បត់ជាតិ» តាមបញ្ញត្តិមាត្រា ៤៥៣ នៃ ក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា ប្រព្រឹត្ត នៅភូមិទឹកក្រហម ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត កាលពីអំឡុងឆ្នាំ២០១៧ និង ២០១៨ ។
ជនជាប់ចោទត្រូវ បានឃាត់ខ្លួនតាមអំណាចសាលក្រមតុលាការដំបូងខេត្តកំពត កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២០៕
រក្សាសិទ្ធិដោយ ៖ ចន្ទា ភា