ថ្មីៗនេះ មានហេតុការណ៍មួយបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងតែម្តង ខណៈគេបានប្រទះឃើញរថយន្ត១គ្រឿង និងស្បែកជើងមនុស្សស្រី និងព្រមទាំងកាបូបមួយ បន្យល់ទុកនៅលើស្ពាន ទេពស៊ូដា ស្ថិតក្នុងខេត្ត កាឡាសីន ប្រទេសថៃ ដោយពុំរកឃើញម្ចាស់នោះទេ ឬមួយអាចលោតទឹកបាត់ទៅហើយ។
ក្រោយករណីនេះបានកើតឡើង ក្រុមសង្គ្រោះ 7th DIVER ក៏បានមកកាន់កន្លែងហេតុការណ៍ និងទីបំផុត ពួកគេបានរកឃើញម្ចាស់រថយន្ត គឺជាយុវតីស្រស់ស្អាតម្នាក់ នៅវេលាម៉ោង ១១ និង ៤១ នាទី ព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១។ សពក្មេងស្រីគិតខ្លីរូបនេះ ត្រូវបានដឹងថា មានអាយុ ១៩ ឆ្នាំ មកពីស្រុកក្រានួន ខេត្ត ខនខែន។
ក្រុមសង្គ្រោះបាននិយាយថា សពយុវតីខាងលើ ត្រូវបានរកឃើញចម្ងាយ ១៥ ម៉ែត្រ ពីកន្លែងនាងលោតចុះទឹកទន្លេ ឡាំពៅ ដែលមានជម្រៅ ៧ ម៉ែត្រ។ ហើយទោះជាខ្សែទឹកហូរ ប៉ុន្តែ សពរបស់នាងនៅជាប់គាំងកណ្តាលសសរក្រោមស្ពាន ហេតុនេះ ខ្សែទឹកពុំបាននាំយកសពរបស់នាងទៅឆ្ងាយនោះទេ។
ដោយឡែក បើតាមកាមេរ៉ាឃ្លាំមើល បានបង្ហាញឲ្យឃើញថា នៅវេលាម៉ោងប្រមាណ ១១ និង ៣៥ នាទី ព្រឹក គឺមានរថយន្ត១គ្រឿង បានបើកមកចតនៅលើស្ពាន និងបន្ទាប់មក នារីរងគ្រោះដែលមានសក់វែង ស្ថិតក្នុងសម្លៀកបំពាក់ខោអាវ sweatpant ពណ៌ប្រផេះ បានចុះពីរថយន្ត ដើរសំដៅបង្កាន់ដៃស្ពាន និងក៏បានដើរត្រឡប់មកកាន់រថយន្តវិញ ប៉ុន្តែ បន្ទាប់មក ក៏ស្រាប់តែបានដោះស្បែកជើង និងកាបូប រួចឡើងលើបង្កាន់ដៃស្ពាន លោតចុះទៅក្នុងទឹកទន្លេភ្លាមៗតែម្តង។
មូលហេតុបឋម ដែលនាំឲ្យនារីវ័យក្មេងរូបនេះ សម្រេចបញ្ចប់ជីវិតលោតទឹកបែបនេះ គឺអាចដោយសារនាងមានបញ្ហាស្ត្រេសខ្លាំង និងមានបញ្ហាផ្ទាល់ខ្លួន ជាពិសេសគឺអាចចាញ់បោកគេតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង