ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានឲ្យដឹងថា គិតត្រឹមថ្ងៃទី២១ ខែសីហា នេះថ្នាក់ដឹកនាំ និងមន្រ្តីចំណុះក្រសួងមហាផ្ទៃ ២.១៩៨នាក់ បានឆ្លងជំងឺនេះ ក្នុងនោះជាសះស្បើយ ១.៤៤១នាក់ កំពុងព្យាបាល ៧៣៦នាក់ និងស្លាប់ ២១នាក់ ។

លោកសេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃបានថ្លែងក្នុងកិច្ចប្រជុំ តាមដានវឌ្ឍនភាពនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩របស់ក្រសួងមហាផ្ទៃ តាមប្រព័ន្ធវីដេអូ Zoom កាលពីព្រឹកថ្ងៃទី២១ ខែសីហា នេះថា ” មកដល់ពេលនេះមានថ្នាក់ដឹកនាំ និងមន្រ្តីចំណុះក្រសួងមហាផ្ទៃ ២.១៩៨នាក់ បានឆ្លងជំងឺនេះ ក្នុងនោះជាសះស្បើយ ១.៤៤១នាក់ កំពុងព្យាបាល ៧៣៦នាក់ និងស្លាប់ ២១នាក់ ” ។
អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានបន្តថា គិតត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ក្រសួងមហាផ្ទៃបានទទួលវ៉ាក់សាំង ពីក្រសួងសុខាភិបាល ចំនួន២០លើក ស្មើនឹង១០៧,៣២១ដូស និងទទួលបានសម្ភារៈបរិក្ខារមួយចំនួនទៀត ។

ក្រសួងមហាផ្ទៃក៏បានទទួលជំនួយបង្ការទប់ស្កាត់ជំងឺកូវីដ-១៩នេះ ផ្ដល់ដោយថ្នាក់ដឹកនាំក្រសួង អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋាន និងអង្គភាពចំណុះនានាមួយចំនួនទៀត មានទាំងជំនួយថវិកា និងសម្ភារៈបរិក្ខារ ។ ក្រសួងមហាផ្ទៃ ក៏បានទទួលឧបករណ៍តេស្តរហ័ស ផ្ដល់ដោយក្រសួងសុខាភិបាល និងទទួលបានពីជំនួយថ្នាក់ដឹកនាំក្រសួង និងសប្បុរសជនជាបន្តបន្ទាប់ ព្រមទាំងបានបញ្ជាទិញឧបករណ៍តេស្តរហ័សនេះបន្ថែម សម្រាប់ការប្រើប្រាស់ផងដែរ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ


