Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តកូរ៉េមួយគ្រឿងដាច់ហ្រ្វាំង បួងចង្កូតជ្រុលទៅបុកម៉ូតូ រួចកិនពីលើបណ្តាលឲ្យស្រ្តីម្នាក់រងរបួសធ្ងន់

ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តកូរ៉េដឹកទំនិញមួយគ្រឿង ក្នុងល្បឿនលឿនដាច់ហ្រ្វាំងមុខ ជាន់មិនជាប់បួងចង្កូត ជ្រុលទៅបុកម៉ូតូជិះដោយប្តីប្រពន្ធឌុបគ្នា កិនពីលើអូសទៅមុខជាច្រើនម៉ែត្រ រួចទៅបុករថយន្តក្រឡុកសុីម៉ងត៍ចតនៅចិញ្ចើមផ្លូវមួយគ្រឿងទៀត រងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង៨ និង២០នាទីយប់ថ្ងៃទី២១ ខែសីហាឆ្នាំ ២០២១ ចំណុចរង្វង់មូលទួលគោកចាស់ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនរងគ្រោះប្តីប្រពន្ធនៅមិនទាន់ស្គាលឈ្មោះនៅឡើយ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនកើតហេតុគេបានឃើញប្តីប្រពន្ធ បានជិះម៉ូតូម៉ាកហុងដាទ្រីមសង់ សេ១២៥ ពណ៌ក្រហមមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1AG- 6901 បានឌុបគ្នាដើរលក់ពងទាជិះតាមបណ្តោយផ្លូវ៥៩២ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនមធ្យម ខណៈពេលជិះមកដល់ចំណុចកើតហេតុ នៅរង្វង់មូលទួលគោកចាស់ ស្រាប់តែគេឃើញបុរសម្នាក់ បានបើករថយន្តកូរ៉េដឹកទំនិញមួយគ្រឿង ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2AU- 9226 បើកបរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានដាច់ហ្រ្វាំងមុខជាន់មិនជាប់បួងចង្កូតជ្រុលទៅបុកម៉ូតូ ប្តីប្រពន្ធ២នាក់ បានដឹកពងទាលក់ ចំពីមុខពេញទំហឹងរួចកិនពីលើអូសទៅមុខ ទៅបុករថយន្តក្រឡុកសុីម៉ងត៍មួយគ្រឿងទៀត ចតនៅចិញ្ចើមផ្លូវបណ្តាលឲ្យស្រ្តីម្នាក់ ជាម្ចាស់ម៉ូតូរងរបួសធ្ងន់ ត្រូវបានរថយន្តសាម៉ុយ ដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ រីឯរថយន្តក្រឡុកសុីម៉ងត៍រងការខូចខាតផ្នែកខាងមុខតិចតួច។ ចំណែកតៃកុងរថយន្តបង្ក ត្រូវសមត្ថកិច្ចឃាត់បានឲ្យនៅដោះស្រាយ នៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះទៅដល់រួចពិនិត្យ និងធ្វើការវាស់វែង នឹងធ្វើកំណត់ហេតុយករថយន្តបង្កនិងម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌទួលគោក រង់ចាំឲ្យភាគីទាំងពីរ ដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖ សា មេត

×