ភ្នំពេញ ÷ យុវជនម្នាក់ជាអ្នកដឹកម្ហូបតាមអនឡាញរបស់ក្រុមហ៊ុនGrab បានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូលឿនពេក ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកពីមុខរថយន្តម៉ាកព្រូស កំពុងបើកបត់ឆ្លងផ្លូវ បណ្តាលឲ្យដួលរងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើង កាលពីវេលាម៉ោង ៩និង២០នាទីយប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្តោយផ្លូវ៥១៦ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនរងគ្រោះ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
យោងតាមប្រភពព័ត៌មាន ពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកព្រូសមួយគ្រឿង ពណ៌សពាក់ផ្លាកលេខភ្នំពេញ 2BI -5439 បើកបរតាមបណ្ដោយផ្លូវ២៧៣ ហៅផ្លូវទំនប់៧០ ក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនលឿន បានបត់ឆ្វេង ពេលបទដល់ពាក់កណ្តាលផ្លូវ ស្រាប់តែគេឃើញយុវជនម្នាក់ ជាអ្នកដឹកម្ហូបតាមអនឡាញ ជិះម៉ូតូម៉ាកហុងដាទ្រីមសង់ សេ១២៥ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅពាក់ផ្លាកលេខ សៀមរាប 1M-3588 ជិះតាមបណ្តោយផ្លូវ២៧៣ ហៅផ្លូវទំនប់៧០ ក្នុងទិសដៅបញ្រ្ចាសគ្នា ពីលិចមកកើតក្នុងល្បឿនលឿន បានជ្រុលទៅបុករថយន្តម៉ាកព្រូស ចំផ្នែកខាងមុខពេញទំហឹង ប៉ើងជនរងគ្រោះទៅផ្ទប់នឹងកញ្ចក់រថយន្ត បណ្តាលឲ្យរងរបួសធ្ងន់ ចំណែកឯម្ចាស់រថយន្តនៅកន្លែងកើតហេតុរង់ចាំការដោះស្រាយ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចធ្វើការវាស់វែង និងធ្វើកំណត់ហេតុឲ្យយករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖សា មេត






