Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ពិភាក្សាគ្នាលើសេចក្តីព្រាង ផែនការយុទ្ធសាស្ត្រ ស្តីពីការបើកទទួលទេសចរណ៍សុវត្ថិភាព នៅពេលខាងមុខ

spot_img

ភ្នំពេញ ៖ ក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវិដ-១៩ បានដឹកនាំកិច្ចប្រជុំលើកទី១ បានបើកប្រជុំកិច្ចប្រជុំពិភាក្សាគ្នា លើការត្រៀមបើកទទួលទេសចរណ៍សុវត្ថិភាព ក្នុងគន្លងប្រក្រតីថ្មី ពិសេសគឺពិភាក្សាលើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រស្តីពីការបើកទទួលទេសចរណ៍សុវត្ថិភាព។

កិច្ចប្រជុំនេះធ្វើឡើងនាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវិដ-១៩ តាមរយៈប្រព័ន្ធអនឡាញ (Zoom Meeting) ដោយមានការចូលរួមពីឯកឧត្ដមអនុប្រធាន សមាជិក-សមាជិកាក្រុមការងារ និងតំណាងវិស័យឯកជន សរុបប្រមាណ ១៣២ នាក់។

កិច្ចប្រជុំបានផ្តោតលើរបៀបវារៈសំខាន់ៗ រួមមាន៖ ការរៀបចំផែនការសកម្មភាពនៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជន និងការពិភាក្សាលើសេចក្តីព្រាង «ផែនការយុទ្ធសាស្ត្រស្តីពីការបើកទទួលទេសចរណ៍សុវត្ថិភាព» ដែលជាឯកសារដ៏មានសារៈសំខាន់ ចាំបាច់ និងចំពេលវេលាសម្រាប់ពិនិត្យលទ្ធភាពក្នុងការបើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញ ជាមួយកិច្ចខិតខំក្នុងការវិលត្រឡប់ឱ្យបានឆាប់ទៅរក «ប្រក្រតីភាពថ្មី» នៃសកម្មភាពសេដ្ឋកិច្ច-សង្គម និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ការបើកទទួលទេសចរណ៍សុវត្ថិភាពនឹងត្រូវធ្វើឡើងតាមដំណាក់កាលជាជំហានៗ ដោយឈរលើគោលការណ៍រក្សាបាន នូវតុល្យភាពរវាងសកម្មភាពសេដ្ឋកិច្ច-សង្គម និងការធានាសុវត្ថិភាព និងសុខភាពសាធារណៈ សម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកដំណើរគ្រប់ប្រភេទ ស្របតាមស្មារតីនៃ «ការធ្វើដំណើរ និងទេសចរណ៍សុវត្ថិភាព» ព្រមទាំងការចាប់យកឱកាសធ្វើកំណែទម្រង់វិស័យទេសចរណ៍កម្ពុជា ឱ្យក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព សុវត្ថិភាព និងនិរន្តរភាព។

លើសពីនេះ អង្គប្រជុំឯកភាពយកសេចក្តីព្រាងផែនការយុទ្ធសាស្រ្តនេះ ដាក់ឆ្លងក្នុងកិច្ចប្រជុំរួមគ្នា រវាងគណៈកម្មាធិការគោលនយោបាលសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, គណៈប្រចាំការ នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ក្រោមអធិបតីភាព ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីឈានទៅគោរពស្នើសុំការសម្រេច និងអនុម័តយល់ព្រមពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីឈានទៅការប្រកាស បើកទទួលទេសចរណ៍សុវត្ថិភាពនាពេលខាងមុខ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×