ភ្នំពេញ ៖ រដ្ឋាភិបាល និងប្រជាជនចិន បានផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទស៊ីណូហ្វាម ចំនួន ៥០ម៉ឺនដូសបន្ថែមទៀតជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ នឹងដឹកមកដល់ប្រទេសកម្ពុជា នៅរសៀលថ្ងៃទី២៣សីហានេះ។

ពិធីនេះនឹងមានការអញ្ជើញចូលរួម ជាអធិបតីដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។
វ៉ាក់សាំង គឺជាឧបករណ៍ដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលលើពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខនោះ បានដាក់ចេញផែនការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ជាផែនការយុទ្ធសាស្ត្រមួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
គិតត្រឹមថ្ងៃទី១២ ខែសីហា កន្លងទៅ កម្ពុជា ទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សរុបប្រមាណជា ២៤លានដូស។ ក្នុងនោះវ៉ាក់សាំងមកពីប្រទេសមានចំនួន ២១.៧លានដូស ហើយ ៣.២លានដូសជាជំនួយ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

