Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុប្រធានាធិបតីសហរដ្ឋអាមេរិក មកកាន់តំបន់អាស៊ាន ដើម្បីពង្រីកសេរីភាពឥណ្ឌូ-ប៉ាស៊ីហ្វិក

spot_img

សិង្ហបុរី ៖ ក្រោយពេលប្រមុខការពារជាតិសហរដ្ឋអាមេរិក មកបំពេញទស្សនកិច្ច នៅតំបន់អាស៊ាន មិនទាន់បានប៉ុន្មានផង ស្រាប់តែនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ អនុប្រធានាធិបតីមហាអំណាចលេខ១ របស់ពិភពលោក ទាំងសេដ្ឋកិច្ច និងយោធា បានមកកាន់ទឹកដីអាស៊ានបន្ដទៀត ក្នុងគោលបំណងដ៏សំខាន់ ដើម្បីពង្រីកសេរីភាពឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលគេមើលឃើញថា ជាគោលនយោបាយ ទប់ទល់នឹងមួយខ្សែក្រវាត់មួយរបស់ចិន ដែលកំពុងតែបង្កើនឥទ្ធិពល នៅក្នុងតំបន់នេះ។

បើតាមសារព័ត៌មាន CNA បានផ្សាយ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ថា លោកស្រី កាម៉ាឡា ហាររីស (Kamala Harris) អនុប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីព្រឹក ថ្ងៃអាទិត្យ (ទី២២ ខែសីហា) បានមកបំពេញទស្សនកិច្ចផ្លូវការ នៅក្នុងប្រទេសសិង្ហបុរី។ សហរដ្ឋអាមេរិកមានចំណងទំនាក់ទំនងជាមួយនឹងប្រទេសសិង្ហបុរី អស់រយៈពេល៥៥ឆ្នាំកន្លងមកហើយ។

លោក Vivian Balakrishnan រដ្ឋមន្រ្ដីក្រសួងការបរទេសសិង្ហបុរី បានបញ្ជាក់ថា «តាមរយៈកិច្ចព្រមព្រៀងការពារ និងសន្តិសុខ, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីលើកដំបូងរបស់យើង នៅអាស៊ី ហើយចំណងទំនាក់ទំនងស៊ីជម្រៅ រវាងប្រជាពលរដ្ឋរបស់យើង ទំនាក់ទំនងយូរអង្វែងរបស់យើង នាំមកនូវភាពរឹងមាំ និងស្ថិរភាពដល់សហរដ្ឋអាមេរិក សិង្ហបុរី និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកទាំងមូល។

លោកស្រី កាមេឡា ហាររីស អនុប្រធានាធិបតីសហរដ្ឋអាមេរិក បានជជែកជាមួយគណៈប្រតិភូសិង្ហបុរី ហើយភ្លាមៗនោះ ក៏បានចូលទៅក្នុងរថយន្តស្ព័រមួយ ក្នុងចំណោមរថពាសដែកពីរគ្រឿង ដែលជាកម្មសិទ្ធិរបស់ភ្នាក់ងារសម្ងាត់របស់សហរដ្ឋអាមេរិក។ នេះជាដំណើរទស្សនកិច្ចផ្លូវការលើកទី១ របស់លោកស្រីអនុប្រធានាធិបតី មកកាន់ទ្វីបអាស៊ី។ បើតាមគម្រោងនេះ លោកស្រីក៏នឹងបន្ដដំណើរទៅបំពេញទស្សនកិច្ច នៅក្នុងប្រទេសវៀតណាមផងដែរ។

សេតវិមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកស្រី អនុប្រធានាធិបតីសហរដ្ឋអាមេរិក មកកាន់តំបន់អាស៊ី-អាគ្នេយ៍ ហៅកាត់ អាស៊ាន បង្ហាញពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះតំបន់នេះ ហើយវាជាផ្នែកមួយ នៃឥណ្ឌូ-ប៉ាស៊ីហ្វិក។ ការធ្វើដំណើរមកកាន់ប្រទេសអាស៊ានរបស់លោកស្រីអនុប្រធានាធិបតី បានអមដំណើរដោយមន្រ្ដីជាន់ខ្ពស់ជាច្រើនរូប មកពិការិយាល័យអនុប្រធានាធិបតី ក្រុមប្រឹក្សាសន្ដិសុខជាតិ និងក្រសួងការបរទេសសហរដ្ឋអាមេរិក។

លោកស្រី អនុប្រធានាធិបតីសហរដ្ឋអាមេរិក បានធ្វើដំណើរមកកាន់ប្រទេសសិង្ហបុរីនេះ គឺតបតាមការអញ្ជើញរបស់លោក លី សៀនឡុង ( Lee Hsien Loong) នាយករដ្ឋមន្រ្ដីសិង្ហបុរី ។ ដំណើរទស្សនកិច្ចនេះ បានកើតឡើង ក្រោយពេលលោក Lloyd Austin រដ្ឋមន្រ្ដីក្រសួងការពារជាតិសហរដ្ឋអាមេរិក បានមកកាន់តំបន់អាស៊ាន។ ក្នុងអំឡុងពេលទស្សនកិច្ចនោះ ប្រមុខក្រសួងការពារជាតិសហរដ្ឋអាមេរិក បានឈប់ នៅក្នុងប្រទេសសិង្ហបុរី វៀតណាម និងហ្វីលីពីន។

លោក Lloyd Austin រដ្ឋមន្រ្ដីក្រសួងការពារជាតិសហរដ្ឋអាមេរិក បានថ្លែង កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ខណៈមកដល់ប្រទេសសិង្ហបុរីថា លោកប្តេជ្ញាចិត្ត នឹងធ្វើឲ្យមានទំនាក់ទំនង ក្នុងន័យស្ថាបនាជាមួយចិន ហើយធ្វើការងារលើបញ្ហាប្រឈមរួម ព្រោះលោកបានដាក់ចេញនូវចក្ខុវិស័យ លើចំណងទាក់ទងជាមួយនឹងទីក្រុងប៉េកាំង ដែលកំពុងតែធ្លាក់ចុះមកដល់ចំណុចទាបបំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍ កន្លងមកនេះ៕រក្សាសិទ្ធិដោយ៖សារាយSN

spot_img
×