Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រ្ដីអាហ្វហ្គានីស្ថាន ព្រមានពីគ្រោះថ្នាក់ដល់អាយុជីវិត ក្រោមច្បាប់តាលីបង់

spot_img

រដ្ឋធានីកាប៊ូល ៖ ថ្វីបើអ្នកនាំពាក្យតាលីបង់ ធានាអះអាងពីការគោរពសិទ្ធិស្រ្ដី និងជំរុញឲ្យស្រ្ដីចូលរួម នៅក្នុងរបបគ្រប់គ្រងរបស់ពួកគេក្ដី តែពលរដ្ឋអាហ្វហ្គានីស្ថាន នៅតែបន្ដភ័យខ្លាចយ៉ាងខ្លាំង ហើយនាំគ្នាសម្រុករត់ទៅកាន់ព្រលានយន្ដហោះ ដើម្បីភៀសខ្លួនចាកចេញពីប្រទេស ដោយសារពួកនេះមានកេរ្ដិ៍អាសោចខាងប្រព្រឹត្ដអំពើឃោរឃៅព្រៃផ្សៃ ទៅលើពលរដ្ឋរបស់ខ្លួន។

សារព័ត៌មាន France 24 បានផ្សាយ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ថា ក្រោយទទួលបានជ័យជម្នះលើរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដែលគាំទ្រដោយលោកខាងលិច ហើយពួកតាលីបង់បានអះអាង ពីការគោរពសិទ្ធិមនុស្សក្ដី ប៉ុន្ដែពលរដ្ឋអាស៊ីកណ្ដាលមួយនេះ នៅតែភ័យខ្លាចយ៉ាងខ្លាំង ជាពិសេសស្រ្ដីអត្ដពលិក។ នៅក្រោមអំណាចរបស់តាលីបង់ ច្បាប់ Sharia (ច្បាប់អ៊ិស្លាម) នឹងត្រូវអនុវត្ដ។ ច្បាប់របស់ពួកតាលីបង់នេះ កំពុងតែធ្វើឲ្យពលរដ្ឋអាហ្វហ្គានីស្ថានទាំងអស់ ភ័យខ្លាច និងព្រួយបារម្ភ អំពីការបាត់បង់សេរីភាព។ ពួកគេនឹងវិលទៅរកសម័យកាលដ៏ខ្មៅងងឹត កាលពី២ទសវត្សរ៍មុន ហើយមានករណីជាច្រើនទៀត ពួកគេកំពុងតែភ័យខ្លាច ដល់ការបាត់បង់អាយុជីវិត របស់ពួកគេថែមទៀតផង។ ពលរដ្ឋអាហ្វហ្គានីស្ថាន ទទួលបានសេរីភាព ក្រោយពេលកម្លាំងចម្រុះដឹកនាំ ដោយសហរដ្ឋអាមេរិក បានបណ្ដេញពួកតាលីបង់ ចេញពីអំណាច កាលពីអំឡុងឆ្នាំ២០០១។

អ្នកស្រី Zakia Khudadadi ជាស្រ្ដីអត្ដពលិកអាហ្វហ្គានីស្ថានដំបូងបានបង្ហាញវត្ដមាន នៅក្នុងព្រឹត្ដិការណ៍កីឡាអន្ដរជាតិ បានបញ្ជាក់ថា ការដណ្ដើមកាន់កាប់អំណាច របស់ពួកតាលីបង់នាពេលនេះ កំពុងតែបង្កើននូវការភ័យខ្លាច និងព្រួយបារម្ភកាន់តែខ្លាំងឡើង ពីអនាគត នៃសេរីភាពរបស់ពលរដ្ឋអាហ្វហ្គានីស្ថាន។ ពលរដ្ឋអាហ្វហ្គានីស្ថាន ធ្លាប់ឆ្លងកាត់របបគ្រប់គ្រងរបស់តាលីបង់ ចន្លោះពីឆ្នាំ១៩៩៦-២០០១។

អ្នកស្រី Zakia Khudadadi បានបន្ថែមថា ការលេងកីឡា ស្ដាប់តន្រ្ដី ការថតរូប និងមើលទូរទស្សន៍ គឺត្រូវបានរបបតាលីបង់ហាមឃាត់។ ដោយឡែក ក្មេងស្រីមិនមានសិទ្ធិ ទទួលបានការអប់រំ ហើយស្រ្ដីត្រូវបានហាមឃាត់ការទៅធ្វើការ ឬចេញទៅក្រៅផ្ទះ ដោយមិនមាន បុរសជាសាច់ញាតិទៅជាមួយ។ ប្រសិនបើករណី ស្រ្ដីណាម្នាក់ប្រព្រឹត្ដល្មើសនឹងច្បាប់ ឬបម្រាមរបស់រដ្ឋាភិបាលតាលីបង់ អាជ្ញាធរនឹងត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋ ហើយពួកគេនឹងចាប់ស្រ្ដីរូបនោះ នាំទៅធ្វើទារុណកម្ម ឬគប់នឹងដុំថ្ម រហូតដល់ស្លាប់។
.
ស្រ្ដីអត្ដពលិកអាហ្វហ្គានីស្ថាន Zakia Khudadadi បានបន្ថែមថា ក្រោយការដួលរលំ នៃរដ្ឋាភិបាលរបស់លោក Ashraf Ghani ថ្វីបើលោក Zabihullah Mujahid អ្នកនាំពាក្យតាលីបង់ បានអះអាង នៅក្នុងសន្និសីទ ក្រោយដណ្ដើមកាន់កាប់ទឹកដីអាហ្វហ្គានីស្ថាន ថា សិទ្ធិរបស់ស្រ្ដីត្រូវបានគោរព ចាប់ពីពេលនេះតទៅក្ដី ប៉ុន្ដែច្បាប់នេះ នៅតែស្ថិតក្នុងទម្រង់សាសនាអ៊ិស្លាម។ ច្បាប់នេះ នឹងធ្វើឲ្យពលរដ្ឋអាហ្វហ្គានីស្ថាន ជាពិសេស ស្រ្ដី នៅតែព្រួយបារម្ភ និងមានការភ័យខ្លាចយ៉ាងខ្លាំង នៅក្នុងរបបគ្រប់គ្រងរបស់តាលីបង់ នាពេលអនាគត៕រក្សាសិទ្ធិដោយ៖សារាយSN

spot_img
×