ភ្នំពេញ ៖ សាលាឧទ្ធរណ៍ភ្នំពេញ កាលពីព្រឹកថ្ងៃ១៩ ខែសីហា ឆ្នាំ២០២១ បានប្រកាសសាលដីកា តម្កល់ទោស របស់បុរសជាប់ចោទ ម្នាក់ ដែលតាំងខ្លួនជាម្ចាស់ដី និងបានព្យាយាមលក់ដីរបស់គេ ក្នុងតម្លៃ ៦លានដុល្លារអាមរិក ដោយដាក់គុកកំណត់ ២ ឆ្នាំ ៦ ខែ តែបានបើកផ្លូវឱ្យគាត់ប្តឹងសារទុក្ខ ទៅតុលាការកំពូល តាមនីតិវិធីច្បាប់។

លោកប្លង់ សំំណាង ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃសាលាឧទ្ធរណ៍ភ្នំពេញបានថ្លែងឲ្យដឹងថា ជនជាប់ចោទ រូបនេះ មានឈ្មោះ នួន ប៊ុណ្ណា អាយុ ៤៨ ឆ្នាំ ។ ជនជាប់ចោទត្រូវបានចោទប្រកាន់ពីបទ”លួចលក់អចលនវត្ថុរបស់់អ្នកដទៃ និង ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី៤ ខែ សីហា ឆ្នាំ ២០១៩។
គួរបញ្ជាក់ថា នៅក្នុងសំណុំរឿងក្តីនេះ, មានជនជាប់ចោទទាំង០៥ នាក់ រួមមាន ទី១ ឈ្មោះ នួន ប៊ុណ្ណា, ទី២ ឈ្មោះ ច្រឹក ចិត្រា, ទី៣ ឈ្មោះ តន់ សុផាន់ណារិន (ភេទស្រី), ទី៤ ឈ្មោះ ហ៊ាន អេងទ្រី និងទី៥ ឈ្មោះ ភោគ សានិន ហៅ សម្បត្តិ។
ក្នុងចំណោម ពួកគេទាំង០៥នាក់ខាងលើនេះ ជនជាប់ចោទឈ្មោះ នួន ប៊ុណ្ណា ត្រូវបានតុលាការខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ កាត់ទោសដាក់ពន្ធនាគារ កំណត់ ២ ឆ្នាំ ៦ ខែ ចំណែកឯជនជាប់ចោទ ៤នាក់ទៀត ត្រូវជាប់ពន្ធនាគារ ក្នុងម្នាក់ៗ ១៨ ខែ ពីបទលួចលក់អចលនវត្ថុរបស់អ្នកដទៃ តាមមាត្រា ២៥៥ នៃ ច្បាប់ភូមិបាល។

តុលាការខេត្ត ក៏បានបង្គាប់ឱ្យ ទាំង០៥ រូប រួមគ្នាសងជំងឺចិត្តចំនួន ៥០លានរៀល ទៅម្ចាស់ដីដែលត្រូវជាភាគីដើមបណ្តឹង។
ជនជាប់ចោទ ឈ្មោះ នួន ប៊ុណ្ណា បានប្តឹងជំទាស់មកកាន់សាលាឧទ្ធរណ៍ តែជនជាប់ចោទ៤ ទៀត មិនបានប្តឹងជំទាស់ឡើយ។
ពួកគេត្រូវបានចាប់ខ្លួន ដោយ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយម្ចាស់ដីស្របច្បាប់ កាលពី សៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩។

យោងតាមរបាយការណ៍របស់កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ក្រុមជនជាប់ចោទទាំង ០៥នាក់ ខាងលើនេះ តែងតែ រកស៊ីដើរចង្អុលដីគេ លក់យកលុយកក់រួចហើយគេចខ្លួន ។ ហើយពេលអស់លក្ខណ៍និង ត្រូវសមត្ថកិច្ចឃាត់ខ្លួន ជាមួយនឹងវត្ថុតាងជាក់ស្តែង រួមមានប្លង់ដីកូពីទំហំជាង ១៧ហិកតា និងកិច្ចសន្យាប្រគល់ទទួលប្រាក់កក់ ៥ម៉ឺនដុល្លារ ខណៈដែល ពួកគេកំពុងតែរាប់ប្រាក់ពីម្ចាស់ដី ដែលក្លែងជាអ្នកទៅទិញដីនោះវិញ។
ពួកគេ ត្រូវបានចាប់ឃាត់ខ្លួន ជាមួយនឹងវត្ថុតាងជាក់ស្តែងនៅនឹងកន្លែង ខណៈពួកគេកំពុងធ្វើកិច្ចសន្យាកក់ប្រាក់លក់ដី ជាង១៧ហិកតា និង កំពុងតែទទួលប្រាក់កក់ ចំនួន៥ម៉ឺនដុល្លារ ពីម្ចាស់ដីដើមស្របច្បាប់ ដែលក្លែងបន្លំធ្វើជាអ្នកទិញដីនោះ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា