ភ្នំពេញ ៖ លោក ស្រ៊ុន ណាត ប្រធានស្នាក់ការច្រកដូនរ័ត្ន បើកដៃឲ្យក្រុមឈ្មួញដឹកជញ្ជូនជ័រកៅស៊ូស្អុយ និងទំនិញផ្សេងៗទៀត ចេញទៅប្រទេសវៀតណាម ដោយគ្មានការទប់ស្កាត់ ខណៈដែលវៀតណាម កំពុងតែផ្ទុះជំងឺកូវីដ១៩។ នេះបើតាមការបង្ហើបឲ្យដឹង ពីមន្រ្តីនៅច្រកព្រំដែនទ្វេភាគីដូនរ័ត្ន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

មន្ត្រីបានបន្តថា ដោយសារតែប្រធានស្នាក់ការច្រកដូនរ័ត្ន ទទួលបានលាភសក្តារៈ ពីក្រុមឈ្មួញដឹកជញ្ជូនជ័រកៅស៊ូស្អុយ និងទំនិញផ្សេងៗទៀត ចេញទៅប្រទេសវៀតណាម បានធ្វើឲ្យក្រុមមន្ត្រីពាក់ព័ន្ធមួយចំនួនដូចជា ក្រុមគយចល័តនៅខេត្តត្បូងឃ្មុំ មានការមិនសប្បាយចិត្ត។
ប្រភពដដែលបានឲ្យដឹងទៀតថា លោក ស្រ៊ុន ណាត ប្រធានស្នាក់ការច្រកដូនរ័ត្ន និងលោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកដូនរ័ត្ន បានឃុបឃិតបើកដៃឲ្យក្រុមឈ្មួញនាំទំនិញខុសច្បាប់ ចូលទៅវៀតណាម។ ហើយបើគ្មានការឃុបឃិតជាប្រព័ន្ធទេ គឺក្រុមឈ្មួញមិនអាចដឹកជញ្ជូនជ័រកៅស៊ូស្អុយ ដឹកជញ្ជូនឈើ ដឹកជញ្ជូនធ្យូង ចេញទៅវៀតណាម ឆ្លងកាត់តាមច្រកដូនរ័ត្នបាននោះទេ។ ហើយបើគ្មានខ្នងបង្អែករឹងមាំ នៅក្នុងសាលាខេត្តត្បូងឃ្មុំ ទេនោះគឺលោក ស្រ៊ុន ណាត ប្រធានស្នាក់ការច្រកដូនរ័ត្ន មិនអាចប្រមូលលុយតាមរបៀបពុករលួយបានទេ។ លោក ស្រ៊ុន ណាត ប្រមូលលុយបានយ៉ាងច្រើនក្នុង១ខែៗ។
លោក ស្រ៊ុន ណាត ប្រធានស្នាក់ការច្រកដូនរ័ត្ន មិនអាចសុំការអត្ថាធិប្បាយបានទេ នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នេះ ដោយទូរស័ព្ទចូលជាច្រើនដងមិនមានអ្នកទទួល។
ចំណែកលោក ជាម ចាន់សោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទមិនមានអ្នកទទួល៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ




