Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តធុនធំពាក់ផ្លាកលេខ ខេមរភូមិន្ទ បើកជ្រុលទៅគៀរម៉ូតូ បណ្តាលឲ្យយុវជន២នាក់រងរបួសធ្ងន់

ភ្នំពេញ ÷ យុវជនម្នាក់បានដាច់ប្រអប់ជើងម្ខាង និងម្នាក់ទៀតបាក់ដៃមួយចំហៀង រងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តធុនធំពាក់ផ្លាកលេខខេមរភូមិន្ទ បើកក្នុងល្បឿនលឿន បានគេចពីគោដើរឆ្លងផ្លូវ បានបួងចង្កូតទៅគៀរម៉ូតូរួចកិនពីលើប្រអប់ជើងជនរងគ្រោះ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៣ និង៣០ នាទីល្ងាច ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវមហាវិថីវិមានឈ្នះឈ្នះ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជនរងគ្រោះទី១ មានឈ្មោះ ហៅរ៉ន ភេទប្រុស ជាង៣០ឆ្នាំមុខរបរ លក់ដូរ បច្ចុប្បន្ន ស្នាក់នៅផ្ទះ ក្នុងខណ្ឌឬស្សីកែវ (ជាអ្នកអង្គុយពីក្រោយដាច់ប្រអប់ជើង)។ ជនរងគ្រោះទី២ មានឈ្មោះ ហៅ សុខ ភេទប្រុស (ជាអ្នកឌុបរងរបួសបាក់ដៃ)។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញយុវជន២នាក់ ជិះម៉ូតូម៉ាកនិចពណ៌ខ្មៅ លាយក្រហម មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ1GX-4347 ជិះតាមបណ្តាោយផ្លូវមហាវិថីវិមានឈ្នះឈ្នះ ក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញរថយន្តធុនធំមួយគ្រឿងទៀត ពណ៌ត្រេអុីពាក់ផ្លាកលេខ ខេមរភូមិន្ទ 02 3-8379 បើកបរដោយបុរសម្នាក់ ធ្វើដំណើរស្របទិសពីក្រោយក្នុងល្បឿនលឿន បានគេចពីគោដើរឆ្លងផ្លូវបានបួងចង្កូត ជ្រុលទៅគៀរម៉ូតូបណ្តាលឲ្យជនរងគ្រោះ ដួលចូលជើងក្រោមកង់រថយន្ត កិនដាច់ប្រអប់ជើងមួយចំហៀង ចំណែកឯយុវជនម្នាក់ទៀត បានបាក់ដៃមួយចំហៀងរងរបួសធ្ងន់ទាំង២នាក់ ចំណែកឯតៃកុងរថយន្តបង្កព្យាយាមបើករត់ទៅមុខ តែត្រូវពលរដ្ឋដេញពីក្រោយ ឃាត់បាននៅចំណុចគល់ស្ពានព្រែកព្នៅ បន្ទាប់មកពលរដ្ឋបានរាយការណ៍ ទៅសមត្ថកិច្ចឲ្យចុះមកកន្លែងកើតហេតុភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ បានចុះមកដល់រួចក៏បានឃាត់ខ្លួនតៃកុង បើករថយន្តបង្ក និងរថយន្តយកទៅអធិការដ្ឋានខណ្ឌជ្រោយចង្វារ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖សា មេត

×