ក្រុងក្រចេះ ៖ ក្រុមការងារចម្រុះ និងក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្តក្រចេះ បានឲ្យអ្នកសារព័ត៌មានដឹង នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ថា ក្រុមអាជីវករផ្សារសាមគ្គីក្រុងក្រចេះ បានផ្ដល់សំណាកនៅរសៀលថ្ងៃនេះ ចំនួន ១០៤៣នាក់ ហើយបានរកឃើញមនុស្សចំនួន ៤៩នាក់ មានឆ្លងកូវីដ-១៩។

គួរបញ្ជាក់ថា បន្ទាប់ពីមានការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ក្នុងផ្សារសាមគ្គីក្រុងក្រចេះរួចមក លោក វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មការប្រយុទ្ធជំងឺកូវីដ-១៩ខេត្ត បានចុះរៀបចំដាក់ទីតាំង នៅមុខផ្សារសាមគ្គីក្រុងក្រចេះផ្ទាល់តែម្ដង ហើយបានប្រមូលអាជីវករលក់ដូរក្នុងផ្សារ និងអ្នកមានទីលំនៅជុំវិញផ្សារទាំងអស់ មកផ្ដល់សំណាកធ្វើតេស្តរហ័ស រកមេរោគកូវីដ-១៩ ដើម្បីឲ្យអស់មន្ទិលសង្ស័យ រក្សាសុវត្តិភាព សុខភាព និងដើម្បីផ្តាច់ចរន្ត ចម្លងមេរោគកូវីដ-១៩ ហើយជាលទ្ធផលមនុស្សចំនួន ៤៩នាក់ ត្រូវបានរកឃើញវិជ្ជមានកូវីដ។
រហូតម កដល់ពេលនេះ ខេត្តក្រចេះ មិនទាន់រកឃើញមានអ្នកឆ្លងជំងឺកូវីដ-១៩ ប្រភេទ Delta នោះទេ។ គិតត្រឹមថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ខេត្តក្រចេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ៦១៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន ៤២០នាក់ , ស្លាប់ ៩នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១៤១នាក់៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN











