Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទះ២ល្វែងជាប់ស្តាតចាស់ នៅតែដំណើរការល្បែងស៊ីសង តាមអនឡាញដោយសេរី មិនដឹងសមត្ថកិច្ចណាផ្ដល់បុព្វសិទ្ធិនោះទេ ?!

ភ្នំពេញ ៖ ទីតាំងបង្កប់ល្បែងសុីសងតាមប្រព័ន្ធអនឡាញចំនួន ២ផ្ទះល្វែងជាប់គ្នា ចាក់បាល់ និងហ្គេមបាញ់ត្រី កំពុងបើកលេងភ្នាល់ ចាក់ ចាក់ ចាក់ យ៉ាងរលូន ប្រមូលលុយមួយថ្ងៃៗពីអ្នកចូលទៅលេងមិនស្ទើរម៉ឺនដុល្លារនោះទេ ហើយបើទោះបីដឹងថា ផ្ទះ២ល្វែងបើកល្បែងស៊ីសងតាមប្រព័ន្ធអនឡាញនេះ ខុសច្បាប់យ៉ាងណាក៏ដោយ ក៏សមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ មិនឃើញចូលទៅបង្ក្រាបនោះដែរ ព្រោះថា ប្រសិនបើបង្ក្រាបវិញនោះ ក៏ផ្ទះ២ល្វែងបើកល្បែងស៊ីសងនេះ មិនអាចនៅមានជីវិតបើកលេងល្បែងភ្នាល់ ចាក់ស៊ីសងលុយយ៉ាងរលូនបានទៀតដែរ។

ទីតាំងផ្ទះ២ល្វែង បើកល្បែងស៊ីសងចាក់បាល់ និងហ្គេមបាញ់ត្រីនេះ ប្រមូលលុយរាប់ម៉ឺនដុល្លារក្នុងមួយថ្ងៃៗ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៧០០ ជាប់ស្តាតចាស់ និងផ្សារទួលសង្កែ ចាស់ ( ឬផ្សារតូច ) តែម្តង ( សូមមើលរូបភាព ) ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មជ្ឈមណ្ឌលព័ត៌មាន CEN ធ្លាប់បានផ្សព្វផ្សាយពីបទល្មើស នៃល្បែងស៊ីសងដ៏ឃោរឃៅមួយនេះ ប្រព្រឹត្តល្មើសនឹងច្បាប់ហាមឃាត់របស់រាជរដ្ឋាភិបាល បើកល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ មានចាក់បាល់ និងហ្គេមបាញ់ត្រី កាលពី ៤សប្តាហ៍ មុននេះរួចមកហើយ ដើម្បីបង្ហាញទីតាំងច្បាស់លាស់ ដល់សមត្ថកិច្ចក្នុងការចុះបង្ក្រាប កុំឲ្យសមត្ថកិច្ចហត់នឿយក្នុងការស្វែងរក ស្រាប់តែមិនឃើញ មានសមត្ថកិច្ចខណ្ឌដូនពេញ ដែលជាម្ចាស់ទឹកដី ដូចជា លោក ទៀង ចាន់ខន្តិសារ ជាអធិការ, លោក សុខ ពេញវុធ ជាអភិបាល ចូលទៅបង្ក្រាបនោះទេ មិនដឹងថា មូលហេតុអ្វី ទើបគេមិនបង្ក្រាបល្បែងស៊ីសងមួយនេះ ?!

មហាជនឆ្ងល់ថា ហេតុអ្វីបានជាសមត្ថកិច្ចខណ្ឌដូនពេញ ក្រោមការដឹកនាំរបស់ លោក ទៀង ចាន់ខន្តិសារ និង លោក សុខ ពេញវុធ ទុកកិត្តិយសឲ្យល្បែងស៊ីសងខុសច្បាប់មួយនេះ បំពានលើការហាមឃាត់របស់រាជរដ្ឋាភិបាលដូច្នេះ? កម្សោយបែបនេះ ធ្វើឲ្យថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ទទួលរងនូវការអាម៉ាស់ខ្លាំងណាស់ មិនគួរដាក់មន្ត្រីឲ្យបំពេញភារកិច្ចការងារ រៀបចំសន្តិសុខសណ្ដាប់ធ្នាប់ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព បែរជាកម្សោយ អសមត្ថភាព គ្រាន់តែផ្ទះបើកល្បែងស៊ីសងតាមអនឡាញ ២ល្វែង មិនហ៊ានបង្ក្រាបទៅវិញ ?! ឬមួយក៏មន្ត្រីមូលដ្ឋានទាំងនោះ ត្រូវរ៉ូវជាមួយម្ចាស់ទីតាំងបើកល្បែងស៊ីសងតាមអនឡាញមួយនេះ?!

គេមិនដឹងថា ការណ៍ដែលសមត្ថកិច្ចមិនទៅបង្ក្រាបនោះ មកពីសមត្ថកិច្ចខ្លាចបនល្បែងមួយនេះ ឬយ៉ាងណានោះទេ? ឬមួយក៏សមត្ថកិច្ចមិនទាន់ដឹងថា ផ្ទះ២ល្វែងនេះ បើកល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ចាក់បាល់ និងហ្គេមបាញ់ត្រី? ប្រសិនបើ មិនទាន់ដឹងមែននោះ ឥឡូវនេះ CEN បានផ្សព្វផ្សាយជាលើកទី២ហើយ ល្មមដឹងច្បាស់ហើយ , បើដឹងច្បាស់ហើយ សូមអញ្ជើញបង្ក្រាបតាមការគួរ តាមតួនាទីភារកិច្ចទៅចុះហោង៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

×