ខេត្តព្រះសីហនុ ៖ នៅម៉ោង១២និង១៥នាទីរំលងអធ្រាត្រ ឆ្លងចូលថ្ងៃអង្គារ ទី២៤ ខែសីហាឆ្នាំ ២០២១ មានគ្រោះថ្នាក់ចរាចរណ៍ ដែលឡានស៊េរីទំនើបមួយគ្រឿងម៉ាក ហេនដ្រីក ( HENDRICK motor sports ) ពណ៌លឿងលាយខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 2BM 0024 បានបើកបុកបង្គោលភ្លើងរដ្ឋ ដាក់បំភ្លឺតាមបណ្ដោយផ្លូវសាធារណៈ បានធ្វើឲ្យខូចខាតពីខាងមុខរថយន្ដខ្ទេចតែម្ដង ដែលស្ថិតនៅតាមបណ្តោយវិថីឯករាជ ក្នុងភូមិ២ សង្កាត់លេខ៣ ក្រុង / ខេត្តព្រះសីហនុ ។
តាមប្រភពកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ឃើញរថយន្ដទំនើបខាងលើ បើកចេញយ៉ាងលឿនមកពីផ្លូវថៃបុនរ៉ុង (115 ) មកដល់ត្រចំណុចកើតហេតុ បម្រុងនឹងបត់ប្រហែសកាច់ចង្កូតមិនទាន់ ជ្រុលទៅបុកបង្គោលភ្លើងនោះតែម្ដង បានបណ្ដាលឲ្យខ្ទេចខាងមុខរថយន្ដ ។
ប្រភពនេះបន្តទៀតថា នៅក្នុងឡានមានមនុស្ស២នាក់ ម្នាក់បើករថយន្ដមិនស្គាល់ឈ្មោះ ភេទប្រុស ជនបរទេស រងរបួសស្រាលបញ្ជូនទៅមន្ទីរពេទ្យ និងស្ត្រីម្នាក់ទៀតមិនស្គាល់ឈ្មោះ ជនបរទេស មិនមានរងរបួសអ្វីនោះទេ ។
ក្រោយពីកើតហេតុ មានមន្រ្តីប៉ូលិសចរាចរណ៍ផ្លូវគោក មកដល់កន្លែងទីតាំងមកសួរនាំ និងយករថយន្ដសន្ទូច មកយកទៅកន្លែងការិយាល័យ ដើម្បីកសាងសំណុំរឿង ទៅតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធិដោយ៖CEN