ភ្នំពេញ ៖ ក្នុងជំនួបសន្ទនា ជាមួយ លោកស្រី Maryam Salim ប្រធានគ្រប់គ្រងថ្មី របស់ការិយាល័យធនាគារពិភពលោកប្រចាំកម្ពុជា តាមរយៈប្រព័ន្ធអនឡាញ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរំលឹកពីកិច្ចសហប្រតិបត្តិការដ៏ល្អ និងរឹងមាំ រវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារ ពិភពលោក, ហើយថា ក្នុងបរិបទកូវីដ-១៩ រាជរដ្ឋាភិបាលដាក់ចេញយុទ្ធសាស្ត្រ ៤ចំណុច ទប់ស្កាត់កូវីដ-១៩ និង ៣ចំណុច ស្ដារសេដ្ឋកិច្ច។

យុទ្ធសាស្ត្រសម្រាប់ទប់ស្កាត់កូវីដ-១៩ រួ មមាន ÷
១- យុទ្ធនាការនៃការចាក់វ៉ាក់សាំងក្នុងក្របខ័ណ្ឌទូទាំងប្រទេស ,
២- ការអនុញ្ញាតឲ្យប្រើប្រាស់នូវតេស្តរហ័ស ដើម្បីស្វែងរកអ្នកកើតជំងឺកូវីដ-១៩
៣- កិច្ចខិតខំប្រឹងប្រែងក្នុងការដាក់ឲ្យនៅដោយឡែក និងការព្យាបាល,
និង ៤- កិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ ការចម្លងដោយអនុវត្តនូវវិធានការសុខាភិបាល យ៉ាងតឹងរ៉ឹង។
ចំណែកយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ច រួមមាន ÷
១- ការស្តារ (Recovery) ផ្តោតទៅលើ វិស័យសុខាភិបាល, ការផ្តល់ហិរញ្ញប្បទានដល់វិស័យឯកជន, គោលនយោបាយសារពើពន្ធ, វិស័យកសិកម្ម, វិស័យទេសចរណ៍, និងវិស័យកាត់ដេរ ,
២- ការកែទម្រង់ (Reforms) សំដៅលើការកសាងមូលដ្ឋានគ្រឹះរឹងមាំសម្រាប់កំណើន, ពិពិធកម្ម និងភាពប្រកួតប្រជែង ,

និង៣- ភាពធន់ (Resiliency) ផ្តោតទៅលើវិស័យឌីជីថល, ការអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យម, ការអភិវឌ្ឍជំនាញ, ការស្តារសេដ្ឋកិច្ចឡើងវិញ លក្ខណៈបៃតង, និងការពង្រឹងប្រព័ន្ធគាំពារសង្គម។
លោកស្រី Maryam Salim ប្រធានគ្រប់គ្រងថ្មី ការិយាល័យធនាគារពិភពលោកប្រចាំកម្ពុជា បានសម្តែងសេចក្តីរីករាយ ក្នុងការមកបំពេញភារកិច្ចនៅកម្ពុជា សារជាថ្មីម្តងទៀត និងបានសម្តែងនូវការ កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាច្រើន ពិសេសការដាក់ចេញនូវគោលនេយោបាយ ដ៏មុតស្រួច សំដៅប្រយុទ្ធការពារសុខភាពអាយុជីវិតរបស់ប្រជាជន រក្សាលំនឹងសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN









