ភ្នំពេញ ៖ អ្នកនាំពាក្យ ក្រសួងការបរទេសកម្ពុជា លោកកុយ គួង បានឲ្យដឹងថា ឯកអគ្គរាជទូត និងក្រុមការងារស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ នេះ ជូនដល់ឯកឧត្តមអភិបាលខេត្តប៉ៈធុមថានី ដើម្បីអាជ្ញាធរអាចចែកបន្ត ដល់បងប្អូនពលករខ្មែរ ដែលជួបការលំបាក នៅក្នុងស្រុក ឡាតលុមកែវក្នុងខេត្តនេះ។
អ្នកនាំពាក្យ ក្រសួងការបរទេសកម្ពុជាបានបន្តថា ក្នុងឱកាសនោះ ឯកអគ្គរាជទូតកម្ពុជាបានថ្លែងអំណរគុណ និងស្នើអភិបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធ បន្តមើលថែទាំព្យាបាល និងការចាក់វ៉ាក់សាំង ដល់បងប្អូនខ្មែរយើង។ ជាការឆ្លើយតប ឯកឧត្តមអភិបាលខេត្ត បានទទួលយកសំណើទាំងនេះ និងអរគុណដល់បងប្អូនខ្មែរ ដែលបានចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចខេត្ត។
បន្ទាប់មក ឯកអគ្គរាជទូត និងក្រុមការងារស្ថានទូតកម្ពុជា ក៏បាននាំយកគ្រឿងឧបភោគបរិភោគ របស់ស្ថានទូត រូមមាន អង្ករ ត្រីខ បន្លែ សាច់ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ចុះចែកដល់បងប្អូនពលករខ្មែរចំនួន ៥០គ្រួសារ នៅស្រុកឡាតលុមកែវ ខេត្តប៉ៈធុមថានី ដែលកំពុងជួបការលំបាកខ្លាំង។ ក្នុងខេត្តនេះមានបងប្អូនខ្មែរកំពុងស្នាក់នៅ និងធ្វើការប្រមាណ ៤មុឺននាក់៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ




