Thursday, January 8, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈ្មួញឈ្មោះ ម៉ូវ ឃុបឃិត ជាមួយអាជ្ញាធរឈូសឆាយ ដីព្រៃលិចទឹក ប្រមាណជាង ៥០០ ហិកតា នៅចំណុចអ្នកតាខ្ទុម

ភ្នំពេញ ៖ ពិតជាមិនខ្លាចញញើតនឹងច្បាប់មែន ក្រុមឈ្មួញដែលជាជើងខ្លាំង បានឈូសឆាយដីព្រៃលិចទឹក ប្រមាណជាង ៥០០ ហិកតា នៅចំណុចអ្នកតាខ្ទុម ស្ថិតក្នុងភូមិស្លត ភូមិពាមខ្នង និងភូមិថ្នល់ឈើទាល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋ បានឲ្យដឹងថា ឈ្មោះ ម៉ូវ បានឃុបឃិតគ្នា ជាមួយអាជ្ញាធរភូមិ ឃុំ ឈូសឆាយដីលិចទឹកនេះ តាំងពីថ្ងៃទី១៤-១៥ ខែសីហា ឆ្នាំ២០២១ រហូតមកដល់ពេលនេះ អាជ្ញាធរមិនទាន់ មានចំណាត់ការនៅឡើយទេ។

ប្រជាពលរដ្ឋបានសំណូមពរ ដល់អភិបាលខេត្តកំពង់ឆ្នាំង អន្តរាគមន៍ហាមឃាត់ឈ្មួញ ឈូសឆាយដីព្រៃលិចទឹកប្រហែល ៥០០ហិកតា នៅចំណុចអ្នកតាខ្ទុម និងដកហូតដីនេះ ត្រឡប់មកទុកជាសម្បត្តិរដ្ឋវិញ។

តំណាងប្រជាពលរដ្ឋ បានឲ្យដឹងថា ឃុំផ្លូវទូកមានចំនួន ៣ភូមិ គឺភូមិស្លត ភូមិពាមខ្នង និងភូមិថ្នល់ឈើទាល ត្រូវបានបម្លាស់ទីផ្ទះបណ្ដែតទឹក ឡើងមករស់នៅលើគោក ដោយអាជ្ញាធរខេត្ត មិនអនុញ្ញាតឲ្យរស់នៅលើកទឹក បន្តទៀតឡើយ ដែលប៉ះពាល់បរិដ្ឋាន។ ដល់ពេលមករស់នៅ លើគោកអាជ្ញាធរខេត្ត ក៏បានផ្ដល់នូវដីសម្រាប់សាងសង់ លំនៅដ្ឋានទៅដល់ពួកគាត់ ប៉ុន្តែដីសម្រាប់បង្កបង្កើនផល និងដីកសិកម្មសម្រាប់ធ្វើស្រែ អាជ្ញាធរពុំទាន់បានបែងចែក ជូនប្រជាពលរដ្ឋនៅឡើយទេ គឺប្រជាពលរដ្ឋភាគច្រើន ត្រូវការដីទាំងនោះ ដើម្បីធ្វើស្រែចំការសម្រាប់ចិញ្ចឹមជីវិត ។

ទាក់ទងនឹងករណីខាងលើនេះ លោក ចេង ចាន់ដូរណា អភិបាលរងស្រុកកំពង់លែង បានបញ្ជាក់ឱ្យដឹងថា លោកនឹងចាត់ឲ្យក្រុមការងារ ចុះស្រាវជ្រាវលើករណីនេះ ដើម្បីដោះស្រាយ

ជូនប្រជាពលរដ្ឋ ក្នុងករណីរកឃើញឈ្មួញដី ពិតជារំលោភបំពានមែន អាជ្ញាធរស្រុក និងធ្វើការស្នើសុំទៅ កាន់អភិបាលខេត្ត ដកហូតយកដីទាំងនោះ មកទុកជាសម្បត្តិរដ្ឋវិញ និងក៏ត្រូវកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការផងដែរ ។

ចំណែកលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា នៅថ្ងៃទី២៥ ខែសីហា ស្អែកនេះ លោកនឹងដឹកនាំក្រុមការងារជំនាញ ចុះទៅពិនិត្យស្រាវជ្រាវករណីនេះ ដោយផ្ទាល់ ដើម្បីចំណាត់ការតាមច្បាប់៕ រក្សាសិទ្ធិដោយ ៖ ពលជ័យ

×