ភ្នំពេញ ÷ បុរសម្នាក់បានជិះម៉ូតូឌ្រីមសង់មួយគ្រឿង តាមដងផ្លូវ មេឃកំពុងតែភ្លៀងធ្លាក់ បណ្តាលឲ្យរអិលដួលម៉ូតូ ខ្ទាតចូលក្រោមកង់រថយន្តកុងតឺន័រ កិនបែកខួរស្លាប់ភ្លាមៗ ចំណែកឯរថយន្តបង្កព្យាយាម បើករត់ទៅមុខតែត្រូវសមត្ថកិច្ចតាមឃាត់បានតែរថយន្ត រីឯតៃកុងបានរត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើង កាលពីវេលាម៉ោង ៥និង៣០នាទីយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ចំណុចទល់មុខហាងនំបុ័ងស្ទឹងមានជ័យ ដែលស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ហន ណារ៉ា ភេទប្រុស អាយុ៣៦ ឆ្នាំ មុខរបរផ្នែកដឹកជញ្ជូនតាមអនឡាញ មានប្រពន្ធនិងកូន បច្ចុប្បន្នស្នាក់នៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ មានស្រុកកំណើត នៅភូមិទួលកំពតទី១ ឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជាជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ សេ១២៥ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ1GG-5381 ជិះតាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ស្របពេលមេឃកំពុងតែភ្លៀងធ្លាក់ មិនប្រយ័ត្នបានរអិលម៉ូតូដួល ស្របពេលដែលរថយន្តកុងតឺន័រមួយគ្រឿង ក្បាលពណ៌សពាក់ផ្លាកលេខស្វាយរៀង 3A-1480 បើកបរពីក្រោយស្របគ្នា ក៏ខ្ទាតជនរងគ្រោះ ចូលក្រោមកង់រថយន្តកុងតឺន័រ កិនបែកខួរស្លាប់ ក្នុងថ្លុកឈាមនៅកន្លែង យ៉ាងអាណោចអាធ័ម បន្ទាប់មកបានពលរដ្ឋរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកជួយពិនិត្យនៅនិងកន្លែងកើតហេតុភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ក៏បានចុះមកដល់រួចទំនាក់ទំនង ទៅខាងផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុ យករថយន្តបង្កនិងម៉ូតូរងគ្រោះ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត


