ក្រុងព្រះសីហនុ ៖ តំបន់ជាច្រើននៃក្រុងព្រះសីហនុ ត្រូវបានល្បាយទឹកភ្លៀងធ្លាក់ជាគំហុកបណ្ដាលឱ្យជន់លិចទីក្រុងជាច្រើនកន្លែង ក្នុងនោះលំនៅឋានប្រជាពលរដ្ឋជាច្រើនរយគ្រួសារ ត្រូវបានវាយប្រហារដោយជំនន់ទឹកភ្លៀងមួយនេះ, លើសពីនេះទៀតបុរសអ្នកដំណើរដោយម៉ូតូ២នាក់ ត្រូវបានទឹកហូរកួចផ្ដួលលម៉ូតូ និងកួចទាញមនុស្សឱ្យធ្លាក់ចូលអូរ ហើយលិចបាត់ទៅ, ប៉ុន្តែ ក្រោយមកត្រូវសង្គ្រោះបានម្នាក់ ចំណែកម្នាក់ទៀត គេនៅពុំទាន់រកឃើញនៅឡើយទេ គិតមកដល់ម៉ោង១០យប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ។
ភ្លៀងចាប់ផ្ដើមធ្លាក់រាយប៉ាយតាំងពីរសៀល ថ្ងៃទី២៤សីហា ឆ្នាំ២០២១ រហូតដល់ម៉ោង១០និង០០យប់ ធ្វើឱ្យតំបន់ជាច្រើនក្នុងក្រុងព្រះសីហនុ ត្រូវបានជន់លិច និងប៉ះពាល់ផ្ទះប្រជាពលរដ្ឋជាច្រើនរយខ្នង ជាហេតុធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង និងកំពុងស្វែងរកកិច្ចអន្តរាគមន៍ពីសមត្ថកិច្ច ខណៈពួកគេរងគ្រោះពីការវាយប្រហារដោយជំងឺកូវិដ-១៩ មួយត្រួតទៅហើយ មិនទាន់ទាំងបានស្បើយផង ឥឡូវចូលដល់ការវាយប្រហារពីជំនន់ទឹកភ្លៀងមួយសាទៀត។
អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានគូសបញ្ជាក់ថា គិតត្រឹមម៉ោង០៩យប់នេះ កម្រិតទឹកភ្លៀងមានកម្ពស់ ២៤៩មម, ហើយបើតាមយោងការព្យាករណ៍ ករណីភ្លៀងធ្លាក់នៅខេត្តព្រះសីហនុនេះ នឹងបន្តធ្លាក់ពីកម្រិតមធ្យមទៅច្រើន ដូច្នេះរដ្ឋបាលខេត្តសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន ឱ្យបានខ្ពស់បំផុត ដោយស្វែងរកទីតាំងដែលមានសុវត្ថិភាព និងកុំធ្វើដំណើរចាកចេញពីផ្ទះ បើគ្មានភាពចាំបាច់។
ចំពោះផលប៉ះពាល់ ផ្ទះបងប្អូនប្រជាពលរដ្ឋ ដែលបានរងការជន់លិចនេះ អាជ្ញាធរមូលដ្ឋាន នៅពុំទាន់ទទួលបានព័ត៌មានលម្អិតនៅឡើយទេ ព្រោះ ស្ថានភាពភ្លៀងនៅតែបន្តធ្លាក់ដដែល បើទោះបីជាមានការថមថយសរសៃភ្លៀង ពីធំមកតូចបន្តិចក្ដី (ព័ត៌មានលម្អិត នឹងផ្សាយបន្ថែម)៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN