ភ្នំពេញ ÷ បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក បានបើករថយន្តស៊េរីទំនើបមួយគ្រឿង ឆ្លងស្តុបមិនប្រយ័ត្នបានជ្រុលទៅគៀររថយន្តបែនដឹកដី ពីមុខបណ្តាលឲ្យរងការខូចខាត មួយចំហៀងខាងឆ្វេង សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង១១ និង៤០នាទីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ចំណុចស្តុប២៤ម៉ោង ស្ថិតនៅតាមបណ្តោយផ្លូវភ្នំពេញ ហាណូយ កែងនឹងផ្លូវម៉ុងឬទ្ធី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញបុរសម្នាក់ បានបើករថយន្តបែនដឹកដី មួយគ្រឿង ក្បាលពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 3F 3464 បើកបរតាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន បានឆ្លងស្តុបលឿង ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿងទៀត ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 2I-7887 បើកបរដោយបុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក បើកបរតាមបណ្តោយផ្លូវម៉ុងរិទ្ធី ក្នុងទិសដៅពីលិចមកកើតយ៉ាងលឿន បានឆ្លងស្តុបទៅគៀររថយន្តបែនដឹកដីចំពីមុខ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ ចំណែកឯរថយន្តបែនដឹកដី និងតៃកុងត្រូវសមត្ថកិច្ចឃាត់ឲ្យនៅធ្វើការដោះស្រាយគ្នា។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចធ្វើការវាស់វែង យករថយន្ដទាំងពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខ រង់ចាំឲ្យភាគីទាំងពីរ ដោះស្រាយតាមគេក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត



